(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) បានអនុញ្ញាតឲ្យប្រតិភូគ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Saifadeen Al Subhi ប្រធានបេសកកម្មព្យាបាល វះកាត់ដោយឥតគិតថ្លៃ ចូលជួបសម្ដែងការគួរសម បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល៦ថ្ងៃ ប្រកបដោយជោគជ័យ។

នៅក្នុងជំនួបនេះ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យទាំងអស់ ក្នុងបេសកកម្មព្យាបាល វះកាត់ ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ។

លោកបន្តថា នេះគឺជាការងារមនុស្សធម៌ដ៏ប្រពៃ និងការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសបានជួយសម្រាលនូវបន្ទុក និងទុក្ខលំបាកជាច្រើន ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានជំងឺ និងគ្មានលទ្ធភាពព្យាបាល។ ជាចុងបញ្ចប់ ទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រតិភូគ្រូពេទ្យអន្តរទ្វីប (PAC) បន្តបេសកកម្មរបស់ខ្លួននៅកម្ពុជា ជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (PAC) ដឹកដោយលោកវេជ្ជបណ្ឌិត Saifadeen Al Sobhi សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ដែលមានគ្រូពេទ្យឯកទេស ចំនួន២១រូប មកពីអារ៉ាប៊ីសាអូឌីត ហ្សក់ដង់ ទុយនេស៊ី ស៊ីរី និងអង់គ្លេស បានធ្វើការព្យាបាលជំងឺទូទៅ និងវះកាត់ដោយឥតគិតថ្លៃ មានរយៈពេល៧ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលធ្វើការវះកាត់ ដោយជោគជ័យបាន ចំនួន១០២ករណី ទៅលើជំងឺធំៗ ចំនួន១១ប្រភេទ និងព្យាបាលជំងឺទូទៅបានចំនួន៦១០នាក់ផងដែរ។

កម្មវិធីព្យាបាលនេះ ក៏មានការចូលរួមសហការពី គ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា គ្រូពេទ្យគណៈកម្មការសុខាភិបាល របស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ស.យ.ម.ក គ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ និងមានការចូលរួមយ៉ាងសកម្មពី សម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តពោធិ៍សាត់ យុវជនស្រលាញ់សន្តិភាព និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា។

គួរបញ្ជាក់ថា គ្រូពេទ្យស្ម័គ្រចិត្តអន្តរទ្វីប (PAC) ជាអង្គការមួយនៅក្រោមឆ័ត្ររបស់អង្គការ សម្ព័ន្ធឥស្លាមពិភពលោក (Rabita) ដែលមានអង្គការធំៗ ជាសមាជិកជាង១០នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើការបម្រើផ្នែកមនុស្សធម៌ ស្ទើគ្រប់វិស័យនៅលើពិភពលោក៕