(ហាណូយ, វៀតណាម)៖ មេដឹកនាំកម្ពុជា-វៀតណាម បានប្តេជ្ញាខិតខំកសាងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំង និងស៊ីជម្រៅ ហើយបន្តពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយលើគ្រប់វិស័យ។

ការប្តេជ្ញាចិត្តរបស់មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។

ក្រោយបញ្ចប់សន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាមានថ្ងៃនេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស ពីសំណាក់កងទ័ព និងប្រជាជនវៀតណាមបានទេ។ ដូច្នេះទាំងពេលនេះ ទាំងទៅអនាគត យើងត្រូវតែខិតខំកសាងទំនាក់ទំនងនេះឱ្យកាន់តែខ្លាំង ឱ្យកាន់តែស៊ីជម្រៅ និងពង្រីកទំហំពាណិជ្ជកម្ម សហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀតឱ្យកាន់តែទូលំទូលាយ និងគ្រប់វិស័យ»

សម្តេចបានបន្តថា៖ «ក្រៅពីទំនាក់ទំនងទ្វេភាគី យើងទាំងពីរនាក់ក៏បានពិភាក្សាផងដែរទៅលើសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់ ក្នុងនោះឆ្នាំ២០២០ វៀតណាមត្រូវធ្វើជាប្រធានអាស៊ានផង និងជាសមាជិកមិនអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខផង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អារ៉ុប (ASEM) ក៏ដូចជាម្ចាស់ផ្ទះនៃការប្រជុំមហាអនុតំបន់ទន្លេមេគង្គ ដែលភាគីទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឱ្យកិច្ចប្រជុំទាំងនៅកម្ពុជា ទាំងនៅវៀតណាមទទួលបានជោគជ័យ»

នៅក្នុងជំនួបទ្វេភាគីនោះដែរ ប្រមុខដឹកនាំកំពូលទាំងពីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការកើនឡើងគួរឲ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង ២៤ភាគរយ ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹកប្រាក់ជាង ៤,៧០០លានដុល្លាអាមេរិក និងរំពឹងសម្រេចបានជាង ៥,០០០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពរក្សាកំណើននៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើកកម្ពស់វិធានការជំរុញពាណិជ្ជកម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការចូលរួមព្រឹត្តិការណ៍ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារណាត់ និងការតាំងពិព័រណ៌ក្នុងប្រទេសនិមួយៗ។

នៅក្នុងជំនួបកំពូលទាំងពីរ ដែលបានចំណាយពេលប្រមាណ១ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឈានទៅចេញសេចក្តីថ្លែងការណ៍រួម រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅវៀតណាម មាន៦ទំព័រ។

ដោយទទួលស្គាល់នូវកាលានុវត្តន៍ដ៏ល្អប្រពៃ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគនៃប្រទេសជិតខាង ភាគីទាំងពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំងអស់ ដើម្បីជំរុញសេដ្ឋកិច្ច នៃប្រទេសទាំងពីរទៅជាសសរស្តម្ភ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។

ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការបញ្ចប់ឲ្យបានឆាប់នូវផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម រហូតដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួច ស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សារណៈយោគយល់គ្នា ស្តីពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៨-២០២៥ ជាមួយចក្ខុវិស័យឆ្នាំ២០៣០។

ក្នុងជំនួបកំពូលនោះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា-វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ជាពិសេសចំពោះការចុះហត្ថលេខា នៃឯកសារច្បាប់ទាំងពីរ ដែលទទួលស្គាល់ពីវឌ្ឍនភាព នៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្នប្រមាណ ៨៤ភាគរយ និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរ បានឯកភាពគ្នាផងដែរ ក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោល ព្រំដែន លើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗ។

ក្នុងជំនួបកំពូលនោះ ភាគីទាំងពីរ បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឲ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រង ព្រំដែន ដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងបរិយាកាសមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រមុខថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ ព្រមទាំងសម្រេចបានជំហររួមគ្នាយ៉ាងសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា និងការសម្របសម្រួលរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និង អន្តរជាតិ។ ពិសេសទៅទៀតនោះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្ត ចំពោះសមិទ្ធផលសេដ្ឋកិច្ច និងសង្គម គួរឲ្យកត់សម្គាល់ ដែលកម្ពុជា និងវៀតណាម សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសប្រទេសទាំងពីរ បានរក្សានូវស្ថេរភាពនយោបាយ និងសន្តិសុខ ដែលឈានទៅបង្កើនការ រីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឲ្យប្រសើរនូវជីវភាពរស់នៅ របស់ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹងតួនាទី ជំហររបស់ខ្លួន នៅក្នុងតំបន់ និងនៅលើពិភពលោក។

ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមក និងបន្តផ្លាស់ប្តូរឧត្តម្មានុវត្តន៍ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ ក្នុងបរិបទពិភពលោកថ្មី៕