(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលមានលោក ប៊ុន ចំរើន ប្រធានសាខាស្តីទី បានសហការចូលរួមពីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ ផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារអូរចំណារ ខេត្តព្រះសីហនុ ដោយរកឃើញទំនិញហួសកាលបរិច្ឆេទ ៩.០៨គីឡូក្រាម។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គាស្រស់, ផ្អកត្រីកាកឺម, ជ្រក់ផ្កាស្នោ, និងជ្រក់ស្ពៃ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រនោះទេ តែបានរកឃើញការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖

* ស្រាបៀរ កម្ពុជាដប៧ដប ចំណុះ៣៣០មីលីលីត្រ ស្មើ២.១គីឡូក្រាម
* ទឹកដោះគោខាប់កំប៉ុង ៣កំប៉ុង ចំណុះ៣៨០ក្រាម ស្មើ១.១៤គីឡូក្រាម
* គ្រាប់សណ្ដែកកំប៉ុង ៤កំប៉ុង ចំណុះ២០០ក្រាម ស្មើ០.៨គីឡូក្រាម
* ស្ពៃកំប៉ុង ៦កំប៉ុង ចំណុះ៣៤០ក្រាម ស្មើ២.០៤គីឡូក្រាម
* ទឹកដោះគៅជូ ១២ដប ចំណុះ១៥០មីលីលីត្រ ស្មើ១.៨គីឡូក្រាម
* ប្រេងខ្យង១ដប ចំណុះ១,០០០ក្រាម ស្មើ១គីឡូក្រាម។ សរុបទំនិញដកហូតបានប្រហែល ចំនួន ៩.០៨ គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

\