(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានថ្លែងថា ក្នុងរយៈពេល ៩ខែ សំណង់វិមានឈ្នះ បានស្រូបអារម្មណ៍អ្នកទស្សនា និងអន្តរជាតិមកទាំងមិនដឹងខ្លួន ជាពិសេសតួរសំណង់បាន និងកំពុងតែអណ្តែតរូបរាងរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ខណៈមានគណៈប្រតិភូអន្តរជាតិជាច្រើនប្រទេស បានអញ្ជើញមកទស្សនាសំណង់ជាប្រវត្តិសាស្ត្រនេះជាហូរហែរ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ បរិវេណសំណង់ វិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា ជាមួយគ្នានេះដែរ សំណង់វិមានឈ្នះ-ឈ្នះ គឺកសាងឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ដែលចំណុចខុសប្លែកពីសំណង់ប្រវត្តិសាស្ត្រ របស់បរទេសមួយចំនួន ដែលបានប្រមូលអ្នកជំនាញបរទេសមកចូលរួមសាសងសង់ ហើយសារមន្ទីរនៅខាងក្នុងវិមាន គឺបានបង្ហាញពីតាក់តាងនៃមគ្គុទេស៍ដ៏អស្ចារ្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជារឿងពិតប្រាកដ និងជាក់លាក់ បានយកជីវិតរបស់សម្តេចមកធ្វើជាដើមទុន ដើម្បីរំដោះប្រទេសកម្ពុជា ចេញពីមាត់ជ្រោះមជ្ជរាជ ខ្មែរក្រហម។

នាយឧត្តមសេនីយ៍ បានបន្តថា ទីតាំងសំណង់វិមានឈ្នះ-ឈ្នះ កំពុងតែមានភាពស្តុកស្តមក្នុងអត្ថន័យជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយស្ងាត់ស្ងៀម ដោយបានចូលលុកលុយនៅក្នុងបេះដូង ខួរក្បាល ក៏ដូជា ព្រលឹងរបស់ប្រជាជនខ្មែរ នៅគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិផងដែរ។ ក្រោយពីថ្ងៃសម្ពោធរយពេល៩ខែមកនេះ ជាមួយនឹងអត្ថន័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អត្ថសន្តិភាព គឺបានទាក់ទាញអារម្មណ៍របស់ប្រជាជនទាំងអ់ស ចង់ដឹង ចង់ឃើញវិមានដ៏ធំស្កឹមស្កៃនេះផងដែរ។

គួររំលឹកថា សំណង់វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

នៅថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធសំណង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ- ឈ្នះ និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាផងដែរ។

ចំពោះការស្ថាបនាវិមាននេះ មានគោលដៅសំខាន់ចំនួន៥ រួមមាន៖

*ទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

*ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។

*ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

*ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។

*ទី៥៖ បង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕