(ភ្នំពេញ)៖ លោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ ឬហៅថា Fake News គឺជាប្រធានបទមួយ ដែលបាននឹងកំពុងវាយលុក នៅក្នុង Facebook នៅប្រទេសកម្ពុជា។

លោកថា ព័ត៌មានក្លែងក្លាយបានធ្វើឲ្យអ្នកប្រើប្រាស់ពិបាកបែងចែកថា តើព័ត៌មានណាពិត ឬមិនពិត បើសិនជាមិនបានធ្វើការផ្ទៀងផ្ទាត់ ប្រព័ន្ធឲ្យបានច្បាស់លាស់នោះទេ ហើយបន្ទាប់មកធ្វើការចែករំលែកបន្តព័ត៌មានទាំងនោះ។

ការលើកឡើងបែបនេះ របស់លោក នាង ម៉ៅ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «សន្តិសុខក្នុងការប្រើប្រាស់បណ្តាញសង្គម (Social Media Security)» នៅទីស្តីការក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។

លោក នាង ម៉ៅ បានគូសបញ្ជាក់ថា តួយ៉ាងជាឧទាហរណ៍កន្លងនេះ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន បានក្លាយខ្លួនទៅជាជនរងគ្រោះដោយ សារចោរបច្ចេកវិទ្យា ធ្វើការជ្រៀតចូលលួចកាន់កាប់គណនី Facebook ផ្លូវការរបស់ខ្លួន ហើយដែលមានខ្លះអាច ធ្វើការស្រោចស្រង់មកវិញ និងមួយចំនួនទៀត គឺមិនអាចសង្គ្រោះមកវិញឡើយ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រូបនេះ បន្ដទៀតថា ចោរបច្ចេកវិទ្យាអាចធ្វើការ ប្រើប្រាស់គណនីដែលលួចបាន ដើម្បីបន្លំបោកប្រាស់អ្នកដទៃ ក្នុងគោលបំណងទុច្ចរិតណាមួយ ដែលមិនអាចប៉ាន់ស្មានបាន។

បើតាមលោក នាង ម៉ៅ បានថ្លែងថា ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងកម្ពុជា បន្តកើនឡើងគួរឲ្យកត់សម្គាល់ បណ្តាញសង្គមហ្វេសប៊ុក បានក្លាយជាមធ្យោបាយទំនាក់ទំនងមួយ សម្រាប់ប្រជាជនកម្ពុជា។

លោកបន្ដថា តាមរបាយការណ៍ពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់ទូរស័ព្ទចល័តមាន ចំនួន២០.៨លាននាក់ ដែលស្មើនឹង១២០ភាគរយ ជាមួយនឹងអ្នកប្រើប្រាស់ អ៊ិនធឺណិតចល័តមានចំនួន១៥.៦លាននាក់ ដែលស្មើនឹង៩៦.១ភាគរយ។

បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក គឺជាប្រព័ន្ធមួយដែលត្រូវ បានប្រើប្រាស់យ៉ាងទូលំទូលាយជាងគេនៅកម្ពុជា ក្នុងចំណោមប្រព័ន្ធបណ្តាញសង្គមផ្សេងទៀត ដែលមានអត្រាអ្នកប្រើប្រាស់រហូតដល់ប្រមាណជា ៨.៨លាននាក់ ស្មើនឹង ៥៤.០២ភាគរយ ក្នុងខែសីហា ឆ្នាំ២០១៩។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នាង ម៉ៅ។

លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលសាធារណៈនានា បានប្រើប្រាស់ហ្វេសប៊ុក ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មានថ្មីៗ ក៏ដូចជាទទួលបាន មតិយោបល់ត្រល់បមកវិញផងដែរ។

លោកថា សហគ្រាសមីក្រូធនតូច និងមធ្យម បានប្រើប្រាស់ហ្វេសប៊ុកក្នុងការលក់ទំនិញ និងផលិតផលរបស់ខ្លួនដោយផ្ទាល់ ទៅកាន់អ្នកប្រើប្រាស់ ឬក៏ប្រើប្រាស់ ដើម្បីធ្វើការបញ្ជូនព័ត៌មានអំពីការផ្ទេរលុយកាក់ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ការដែលអ្នកប្រើប្រាស់ មិនបានស្វែងយល់អំពីមុខងាររបស់ហ្វេសប៊ុក ឲ្យបានលំអិតនោះទេ អ្នកប្រើប្រាស់នឹងអាចក្លាយខ្លួន ទៅជាជនរងគ្រោះដោយការប្រើប្រាស់បច្ចេកវិទ្យាជាក់ជាមិនខាន។

លោក នាង ម៉ៅ សង្ឃឹមថា សិក្ខាសាលានៅក្នុងថ្ងៃនេះ នឹងបានជាធាតុចូលមួយដ៏សំខាន់ សម្រាប់ស្វែងយល់បន្ថែម អំពីចំណេះដឹងអំពីសន្តិសុខ និងសុវត្ថិភាព ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវហានិភ័យ ក្នុងការគ្រប់គ្រងគណនីហ្វេសប៊ុករបស់អង្គភាពរបស់ខ្លួន ក៏ដូចជាក្នុងការប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ៕