(ភ្នំពេញ)៖ សិស្សនិទ្ទេស A ចំនួន១៨រូប ក្នុងខណ្ឌចំការមន បានទទួលរង្វាន់លើកទឹកចិត្តពី លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្រោយពីពួកគេ បានប្រឡងទទួលជ័យលាភី ក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងមកនេះ ដែលម្នាក់ៗទទួលបានកុំព្យូទ័រ Laptop ១គ្រឿង។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ទាំង១៨រូប ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានកោតសរសើដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលនិទ្ទេស A ទាំង១៨រូប ទាំងនេះគឺវាផ្តើមចេញពីការខិតខំរបស់ប្អូនៗ និងពីការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បានល្អផងដែរ។

លោកអភិបាលខណ្ឌ បានបន្តថា ប្អូនៗទាំងអស់គ្នាគឺជានិមិត្តរូបរបស់ខណ្ឌ សម្រាប់ប្អូនៗជំនាន់ក្រោយយកធ្វើជាគំរូ និងរៀនសូត្រតាមដើម្បីអភិវឌ្ឍន៍ សមត្ថភាពខ្លួនឲ្យរៀនពូកែ។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនៗ គឺជាធនធានមនុស្ស ដែលសង្គមត្រូវការបំផុត សូមប្អូនៗ និងក្មួយៗ ត្រូវប្រឹងប្រែងរៀនសូត្របន្ត នៅថ្នាក់មហាវិទ្យាល័យ ដើម្បីលើកមុខមាត់ និងកិត្តយសរបស់គ្រួសារជាបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងខណ្ឌចំការមន សិស្សនិទ្ទេស A ចំនួន១៨រូបនេះ មកពីវិទ្យាល័យទួលទំពូង១០រូប, វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ០៣រូប, សាលាប៊ែលធី ចំនួន០២រូប, វិទ្យាល័យបឹងត្របែកម្នាក់ និងសាលាផារ៉ាហ្គន ០២រូប។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏លើកឡើងផងដែរ ដែលទាក់ទងទៅនឹងចំណេះដឹងទូទៅ និងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ ដោយសូមឲ្យប្អូនៗ បង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅមក ក្នុងការគោរពច្បាប់ចរាចរណ៍ យោគយល់ អធ្យាស្រ័យ គោរពគ្នាក្នុងពេលធ្វើដំណើរ។ បន្ថែមពីនេះ សូមកុំប៉ះពាល់ជាមួយនឹងគ្រឿងញៀន ដែលធ្វើឲ្យខូចអនាគត និងសង្គមអាប់អួរ៕