(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាក្រុមការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងធ្វើការសហការ ជាមួយអង្គការ «ធីនឆាឡេន» កម្ពុជា ដើម្បីជួយដល់យុវជន-យុវនារី និងសហគមន៍រងគ្រោះ ឲ្យកសាងជីវិតរបស់ពួកគេឡើងវិញ តាមរយៈការឧបត្ថម្ភរយៈពេលមួយឆ្នាំ របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ នៅ Brooklyn ក្នុងទីក្រុងញូវយ៉ក អង្គការធីនឆាឡេនសកល (Global Teen Challenge) មានមជ្ឈមណ្ឌលដែលជាសាខារបស់ខ្លួន ចំនួន១,៤០០កន្លែង នៅក្នុង១២៥ប្រទេស ទូទាំងពិភពលោក រួមទាំងអង្គការធីនឆាឡេនកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ និងកំពុងដំណើរការមជ្ឈមណ្ឌល២ នៅភ្នំពេញថ្មី និងខេត្តតាកែវ។

ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងផ្តោតទៅលើការមើលថែសុខភាព ការផ្តល់ប្រឹក្សា កម្មវិធីអក្ខរកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាជំនាញកាត់ដេរ បច្ចេកទេសធ្វើអេកូ-កសិកម្ម និងជំនាញជួសជុលម៉ូតូ ជាដើម។

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានថ្លែងថា «យើងសង្ឃឹមថា ការសហការជាមួយអង្គការធីនឆាឡេនកម្ពុជានេះ នឹងជួយដល់យុវជន-យុវនារីទាំងនេះ កសាងជីវិតរបស់ពួកគេឡើងវិញ។ ប្រទេសកម្ពុជា មានប្រជាជនវ័យក្មេងច្រើន និងប្រជាជនអាយុក្រោម៣៥ឆ្នាំ ជាង៧០ភាគរយ»។

លោកថា «ការវិនិយោគទៅលើយុវជន-យុវនារីកម្ពុជា គឺជាការវិនិយោគទៅលើអនាគតរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង នឹងជួយឲ្យពួកគេក្លាយជាអ្នកពូកែ ដ៏មានសក្តានុពលដែលពួកគេ នឹងអាចជួយដល់គ្រួសារ និងសហគមន៍របស់ពួកគេបាន»។

លោក Pern Chen បានបន្ថែមទៀតថា បុគ្គលិកណាហ្គាវើលដ៍ ក៏បានគាំទ្រដល់គំនិតផ្តួចផ្តើមនេះផងដែរ ដោយពួកគេបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់កម្មវិធីអាហារូបករណ៍នេះ។

ដើម្បីផ្តល់ក្តីសង្ឃឹម ដល់ជីវិតរបស់យុវជន-យុវនារី ដែលមានបញ្ហាហិរញ្ញវត្ថុ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយអង្គការជាច្រើនទៀត ដូចជា អង្គការ Cambodia Outreach នៅក្នុងកម្មវិធី Children@Risk ដើម្បីជួយដល់កុមារក្រីក្រ ឲ្យបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ។

ជាផ្នែកមួយ នៃការងារទំនួលខុសត្រូវ ឆ្ពោះទៅរកការកសាងប្រទេសជាតិប្រកបដោយនិរន្តរភាព ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែចុះទៅតាមសហគមន៍យ៉ាងទៀងទាត់ ដោយផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការចូលជិតសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ដែលជួបការលំបាកជាង ២០៤,០០០នាក់ គិតមកដល់បច្ចុប្បន្ន៕