(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលរងខណ្ឌ លោក ប៉ាង លីដា និងមានការចូលរួមពីសំណាក់មន្រ្តីសូរិយោដីខណ្ឌ និងអាជ្ញាធរសង្កាត់កាកាប១ បានចុះត្រួតពិនិត្យសំណង់អគារមួយកន្លែង របស់ឧត្តមសេនីយ៍ទោកងរាជអាវុធហត្ថម្នាក់ ស្ថិតនៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតគ្រប់គ្រាន់ និងសាងសង់រំលោភលើផ្លូវទៀតផង។

លោក ប៉ាង លីដា បានឲ្យដឹងថា សំណង់អគារខាងលើនោះមានកម្ពស់ ៥ជាន់ ដែលមានម្ចាស់ឈ្មោះ នួន សុខា មានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ នៅសាលហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល។ អគារនេះត្រូវបានសង្ស័យថា សាងសង់គ្មានច្បាប់អនុញ្ញាតគ្រប់គ្រាន់ និងសង់រំលោភលើផ្លូវ ហើយកន្លងមក ខាងអាជ្ញាធរសង្កាត់កាកាប១ ចុះហាមឃាតផ្អាកការសាងសង់ជាញឹកញាប់ដែរ ប៉ុន្តែម្ចាស់មិនព្រមស្ដាប់ទាល់តែសោះ ដោយម្ចាស់បានប្រាប់ថា មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកបានបន្តទៀតថា ដោយសារតែម្ចាស់នៅតែព្យាយាមសាងសង់មិនព្រមផ្អាកបែបនេះទើបនៅវេលាព្រឹកថ្ងៃទី៣ ខែតុលានេះ លោកបានដឹកនាំកម្លាំងចុះទៅធ្វើការត្រួតពិនិត្យ ជាក់ស្ដែង ប៉ុន្តែមិនបានផ្អាកការសាងសង់ជាបណ្ដោះអាសន្ននោះឡើយ។ ខណៈនោះម្ចាស់ប្រាប់ថា មានច្បាប់ត្រឹមត្រូវ ទើបលោកបានស្នើសុំឲ្យម្ចាស់ប្រមូលយកឯកសារផ្សេងៗ ដែលខ្លួនមានចូលទៅកាន់សាលាខណ្ឌ ដើម្បីត្រួតពិនិត្យ មើលជាក់ស្ដែង ហើយបើពិតជាមានច្បាប់ត្រឹមត្រូវមែននោះគ្មានបញ្ហាអ្វីឡើយ។

មន្ត្រីមួយរូបបានប្រាប់ថា សំណង់នេះសុំច្បាប់ត្រឹមសាលាខណ្ឌពោធិ៍សែនជ័យប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់ឡើយ ព្រោះបើតាមច្បាប់រាល់សំណង់ទាំងឡាយទំហំចាប់ពី ៥០០ម៉ែត្រការ៉េឡើងទៅ ត្រូវតែសុំច្បាប់ដល់សាលារាជធានីភ្នំពេញ។ មិនអាចសុំត្រឹមសាលាខណ្ឌហៅថា ច្បាប់ត្រឹមត្រូវនោះទេ ចំណែកឯកសំណង់អគារមួយនេះមានទំហំលើសពី ៥០០ការ៉េទៅហើយ ដូច្នេះបើមិនបានសុំដល់សាលារាជធានីភ្នំពេញទេ មិនគ្រប់គ្រាន់នោះឡើយ៕