(កំពត)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបន្ដសហការរៀបចំសិក្ខាសាលា បង្កើនចំណេះដឹងទាក់ទងនឹងការវិនិយោគ ការកាត់បន្ថយហានិភ័យនៃការវិនិយោគ និន្នាការនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគជោគជ័យ នៅខេត្តកំពតប្រកបដោយជោគជ័យ។

សិក្ខាសាលានេះជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមទៅលើសិក្ខាសាលារបស់ស្ថាប័នទាំងពីរ នៅខេត្តចំនួន៦រួចមកហើយរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តតាកែវ។ ជាក់ស្ដែងសិក្ខាសាលានៅខេត្តកំពតនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនចំណេះដឹង ទាក់ទងនឹងការវិនិយោគ ការកាត់បន្ថយហានិភ័យនៃការវិនិយោគ និន្នាការនៃការវិនិយោគ និងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគជោគជ័យ។

សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា។ លោក សុខ ដារ៉ា បានបញ្ជាក់ពី បេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រឹងបទបញ្ញត្តិ សម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង ត្រៀមខ្លួនរួចរាល់ក៏ដូចជាជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីបញ្ចៀសហានិភ័យ។

លោកក៏បានសរសើរក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេងថា ជាក្រុមហ៊ុនឈានមុខ និងតែងតែមានភាពសកម្ម ក្នុងការលើកកម្ពស់ស្ដង់ដារនៃ ការជួញដូរឧបករណ៍និស្សន្ទ និងអនុវត្តតាមបទប្បញ្ញាតិ និងកិច្ចគាំពារវិនិយោគិន។

លោកបានបន្ដថា ចាប់តាំងពីមានវត្តមាននៃសិក្ខាសាលាតាមបណ្ដាខេត្ត ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ជាក្រុមហ៊ុនសមភាគីកណ្តាលតែមួយគត់ដែលជាដៃគូសហការ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍មួយនេះ។

ក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឆ្នើមរបស់ខ្លួនចូលរួមផងដែរ។ ក្រៅពីការផ្ដល់ចំណេះជំនាញ ក្នុងការវិនិយោគក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញនូវឱកាសវិនិយោគផ្សេងៗ ទៅកាន់សាធារណៈជន ជាពិសេសវិនិយោគិន នៅទូទាំងប្រទេសកម្ពុជា។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបង្ហាញពី សុទិដ្ធិនិយមទៅលើសិក្ខាសាលា តាមបណ្ដាខេត្ត និងជឿជាក់ថានេះជាទុនដ៏សំខាន់ សម្រាប់វិនិយោគិនក្នុងការវិនិយោគ លើផលិតផលឧបករណ៍និស្សន្ទ ដែលជាផលិតផលដ៏ពេញនិយម ក្នុងចំណោមផលិតផលហិរញ្ញវត្ថុផ្សេងទៀត។

លោក Lawrence Kook ក៏បានចែករំលែកនូវបទពិសោធន៍ នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងប្ដេជ្ញាជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា នៅលើឆាកអន្តរជាតិក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេងបានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុអន្តរជាតិធំៗរួមមាន៖ ពិព័រណ៍ iFX Expo នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo នៅទីក្រុងហុងកុង ហើយត្រូវបានចាត់ទុកជាក្រុមហ៊ុនគំរូនៃវិស័យនេះផងដែរ៕