(ភ្នំពេញ)៖ តុលាការខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចធ្វើការចោទប្រកាន់បុគ្គល ៣រូប និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមផែនការផ្តួលរំលំរាជរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៉ី​ ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។

អ្នកដែលត្រូវបានចោទប្រកាន់រួមមាន៖ ឈ្មោះ ស៉ីម ស៊ាងឡេង ហៅ វែង, ឈ្មោះ យ៉ម វណ្ណណែត ភេទស្រី, ឈ្មោះ មាន ឡា ភេទស្រី និងបកុ្ខពួក ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ ស៉ីម ស៊ាង ឡេង ហៅ វែង, ឈ្មោះ យឹម វណ្ណណែត ភេទស្រី, ឈ្មោះ មាន ឡា ភេទស្រី និងបក្ខសពួក ដែលបានកៀរគរ និងបំផុសឲ្យមហាជនចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តន៍តាមការអំពាវនាវរបស់ឧក្រិដ្ឋជនរូបនេះ និងបក្ខពួក។ ជនឈ្មោះ ស៊ឹម ស៊ាងឡេង ហៅ វែង,​ ឈ្មោះ យឹម វណ្ណណែត ភេទស្រី, ឈ្មោះ មាន ឡា ភេទស្រី និងបក្ខពួក បានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួន ធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមប្បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕