(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំលោក សុខ លូ បានថ្លែងថា មនុស្សចាស់ ជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី ហើយមនុស្សចាស់ ក៏ជាធនធានដ៏សំខាន់ បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនផងដែរ។

ការថ្លែងរបស់លោក សុខ លូ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «សមាគម មនុស្សចាស់ជាយន្តការដ៏សំខាន់ ជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុង សហគមន៍ និងសង្គមជាតិ» ដែលបានប្រារព្ធឡើងនៅ វត្តក្តីអណ្ដែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បើតាមអភិបាលខេត្តកំពង់ធំ ដោយសារតែស្គាល់ច្បាស់ពី គុណបំណាច់ និងការដើរតួនាទី ដ៏សំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មនុស្សចាស់។

លោកបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តែងតែផ្តល់ក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ លោកយាយ លោកតា និងជនរួមជាតិទាំងអស់ ហើយថ្នាក់ដឹកនាំមិនចង់ឲ្យ ប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ ជួបភាពអត់ឃ្លាននោះឡើយ»។

លោកបន្ថែមថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង លើកកម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិ។ មនុស្សចាស់ គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាង គ្រួសារ សហគមន៍ និងសង្គមជាតិ រួមទាំងបានការផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។

ចុងក្រោយលោក បានសំណូមពរ និងអំពាវនាវឲ្យចូលរួមថែរក្សា ស្ថានភាពនយោបាយ តម្លៃសន្តិភាពក្នុងប្រទេសកម្ពុជាឲ្យបានគង់វង្សជារៀងរហូត ដើម្បីឲ្យមាតុភូមិមានអភិវឌ្ឍន៍ ទុកឲ្យកូនចៅជំនាន់ក្រោយបាន ស្គាល់តម្លៃសុខសន្តិភាពពេញលេញ៕