(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបមេខ្លោងចែកចាយគ្រឿងញៀន ជាជនជាតិបរទេសចំនួន៤នាក់ រួមមាន ចិនម្នាក់, តៃវ៉ាន់ម្នាក់ និងហុងកុង២នាក់ រឹបអូសបានថ្នាំញៀន៣៩កញ្ចប់ ស្មើនឹងទម្ងន់៣៩គីឡូក្រាម។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០២ ខែតុលា នៅចំណុចខុនដូ បន្ទប់លេខ១៩ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះ ការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងជំនាញ ក១១ របស់មន្ទីរប្រឆាំងគ្រឿងញៀន ដោយក្នុងនោះ សមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនជាតិចិន២នាក់ រឹបអូសបានគ្រឿងញៀន៣៩កញ្ចប់ធំ មានទម្ងន់ប្រមាណ៣៩គីឡូក្រាម រួមមាន មេតំហ្វេតាមីន(ICE) ៣៥.៦៩គីឡូក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ២.៩៨គីឡូក្រាម និងអ៊ិចស្តាស៊ី (MDMA) ០.៥៧៦គីឡូក្រាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕