(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដែលបានធ្វើឡើងនៅសាលប៊ែលធី ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ និងសំណូមពរ ច្រើនពាក់ព័ន្ធការងារសាធារណការ និងបញ្ហាសំរាម ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជូនពួកគាត់ ។

វេទិកានេះ បានធ្វើឡើងក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក សំហេង បុរស ប្រធានក្រុមការងារ ចុះជួយខណ្ឌបឹងកេងកង, លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង, លោកអធិការខណ្ឌ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានី ព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានា ក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ។

លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកំពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការ ពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយនិងឆ្លើយតប។

លោកបន្ដថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ន នៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញ នូវប្បធម៌ នៃការពិភាក្សានិងលើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ តុលា ២០១៩នេះ ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ និងសំណូមពរច្រើនពាក់ព័ន្ធ ការងារសាធារណការ និងបញ្ហាសំរាមដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយជូនពួកគាត់ ក្នុងនោះរួមមាន៖ សំណើរ និងសំណូមពរ ដោយផ្ទាល់មាត់ចំនួន១៦នាក់ ស្មើនិង១៩បញ្ហា និងសំណើរ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន៧២សន្លឹក។

លោកបន្ដថា បញ្ហាដែលជាកង្វល់នេះ ភាគច្រើនប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរជួយពួកគាត់ ក្នុងរួមមានការជំរុញឲ្យកាត់មែកឈើ ដែលបាំងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ការជួសជុលផ្លូវដែលទទួលរងការខូចខាត នៅក្នុងមូលដ្ឋាន ហើយបញ្ហាដែលប្រឈមខ្លាំងជាងគេនោះ គឺបញ្ហាសំរាម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែធ្វើការណែនាំឲ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហាស្ទះ៣ នោះគឺការដោះស្រាយ ការកកស្ទះចរាចរ ស្ទះលូ និងស្ទះសំរាម។ បញ្ហា៣នេះហើយ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ព្រោះថា នៅភ្នំពេញយើងបច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំង ដែលធ្វើឲ្យមានកំណើនយានយន្តនិងមនុស្ស កើនឡើងជាលំដាប់។

លោក ប៉ា សុជាតិវង្ស បន្ដទៀតថា មកដល់ពេលនេះ ប្រជាពលរដ្ឋនៅភ្នំពេញ មានរហូតដល់ទៅ៣លាន៥០ម៉ឺននាក់ទៅហើយ ដោយក្នុងនោះប្រជាពលរដ្ឋ ដែលបានចុះស្ថិតិមានចំនួន២លាន៣សែននាក់ ប្រជាពលរដ្ឋដែលចំណាកស្រុក មកបំពេញការងារនៅភ្នំពេញ មានចំនួន៨០ម៉ឺននាក់ ជាមួយនិងអ្នកទេសចរណ៍រាប់សិបម៉ឺននាក់ទៀត។

ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យមានការចូលរួម ហូបអំបុកនៅរមណីយដ្ឋានវត្តភ្នំទាំងអស់គ្នាផង ស្របពេលដែលទណ្ឌិត សម រង្ស៊ី ប្រើយុទ្ធនាការម្រាម៩ ចង់បង្កើតឲ្យមានបដិវត្តពណ៌ប្រឆាំង រាជរដ្ឋាភិបាល។

លោក កើត ឆែ ក្នុងឱកាសនោះ ក៏បានលើកឡើងថា រាល់សំណើរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហា ការជួសជុលផ្លូវ លូ ប្រឡាយ ដើម្បីរំដោះទឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកោះប្រជុំ ជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញ ដើម្បីធ្វើការស្ថាបនា និងជួលជុលទៅតាមធនធានដែលមាន ពោលគឺកម្រិតណា ត្រូវប្រគល់ឲ្យខណ្ឌ និងកម្រិតណាប្រគល់ឲ្យថ្នាក់រាជធានីដោះស្រាយ។ ចំពោះទីតាំងដែលទទួល រងការខូចខាតដូចជាផ្លូវ លូនេះអាជ្ញាធរភូមិ សង្កាត់ត្រូវរាយការណ៍មកខណ្ឌ ឲ្យបានជាក់លក្ខណ។

ដោយឡែកបញ្ហាសំរាមវិញ លោក កើត ឆែ បានបញ្ជាក់ផងដែរថា សំរាមជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវប្រឈមមុខដោះស្រាយ ហើយបញ្ហានេះបើមិនមានការចូលរួម ការភ្ញាក់រលឹកពីប្រជាពលរដ្ឋ យើងអនុវត្ត មិនបានជោគជ័យនោះទេ។ លោកថា បញ្ហានេះការអប់រំណែនាំប្រជាពលរដ្ឋ វាជារឿងសំខាន់ដែលអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអប់រំណែនាំប្រជាពលរដ្ឋ ឲ្យពួកគាត់ចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងបញ្ជ្រៀប ការយល់ដឹង ពីផលប៉ះពាល់នៃសម្រាមនេះ៕