(តាកែវ)៖ បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ និងបណ្ដាលធ្វើឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋមួយចំនួន នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩នេះ លោក កង អាណាន់ អភិបាលក្រុង បានយកគ្រឿងចក្រ មកស្ដារប្រឡាយទឹកមួយចំនួន នៅក្នុងក្រុងដើម្បីរំដោះទឹកកុំឲ្យលិចលង់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋតទៅទៀត។

លោកអភិបាលក្រុងបានថ្លែងថា ប្រឡាយទឹក ៣ខ្សែ ប្រវែងជាង ២ពាន់ម៉ែត្រ នៅក្នុងក្រុងត្រូវបានស្ដារ ដើម្បីបញ្ចៀសទឹក កុំឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ និងប៉ះពាល់ដល់ផ្លូវថ្នល់ ហើយប្រឡាយដែលត្រូវស្ដាជាប្រឡាយរំដោះទឹកយ៉ាងសំខាន់ក្នុងក្រុង ត្រូវបានកកស្ទះដោយសំរាម ដើមឈើដុះស៊ុបទ្រុបក្នុងប្រឡាយ និងមានភក់ល្បាប់ច្រើន ដែលជាហេតុបង្កឲ្យមានការកកស្ទះ មុខទឹក រំដោះចេញពីក្រុងដូនកែវស្ថិតនៅភូមិឡូរី ភូមិផ្សារតាកោរ ក្នុងសង្កាត់រកាក្នុង និងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។

នៅក្នុងឱកាសនេះផងដែរ លោកអភិបាលក្រុងដូនកែវ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សាប្រឡាយទឹកឲ្យស្អាតល្អ កុំបោះសំរាមចោលក្នុងប្រឡាយ កុំដាក់លូមុខកាត់តូច និងកុំចាក់ដីលុប ឬបិទមុខទឹកហូរកាត់ប្រឡាយ ដែលបង្កឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ និងផ្លូវសាធារណៈនៅន្លែងមួយចំនួនក្នុងក្រុងដូនកែវ៕