(ភ្នំពេញ)៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៩នេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូប្រភេទ២ជាន់ (DBST) ចំនួន១៨ខ្សែ ប្រវែងជិត១២០គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន៦ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ទៀតថា គម្រោងស្ថាបនាផ្លូវជនបទជិត១២០គីឡូម៉ែត្រនេះ ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ដែលបានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅ។

ខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ។

សម្រាប់គម្រោងស្ថាបនាផ្លូវជនបទនេះ លោក ចាន់ ដារ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះយើងកំពុងដំណើរការនិតិវិធីជ្រើសរើសក្រុមហ៊ុនចិន ដើម្បីចាប់ផ្តើមអនុវត្តន៍ ដែលយើងអាចសង្ឃឹមថានឹងបានចាប់ផ្តើមដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ ២០១៩នេះ»

ដោយឡែកសម្រាប់គម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន២ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនផងដែរនោះ ក្រសួងនឹងងត្រូវធ្វើការខួងអណ្តូងស្នប់ចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ ស្រះ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត ពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម។

ការដាក់ចេញការអនុវត្តន៍ គម្រោងផ្តគ់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិននេះ ធ្វើឡើងបន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទបញ្ចប់ដោយជោគជ័យគម្រោង ផ្តគ់ផ្គង់ទឹកជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហាន១ រួចមក។

គម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន១ បានបញ្ចប់ការស្ថាបនា ១០០ភាគរយ កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៨ ដោយបានធ្វើការខួងអណ្តូងទឹកចំនួន ៨៤៦ អណ្តូង ជីកស្រះសហគមន៍ចំនួន៤៥ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្ម ចំនួន២៨ស្រះ នៅក្នុងខេត្តគោលដៅរបស់គម្រោងចំនួន៦ រួមមាន ៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។

គម្រោងកែលម្អផ្លូវជនបទជំហាន១ បានបញ្ចប់ការស្ថាបនា១០០ភាគរយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩ លើការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ប្រវែងសរុបជាង៣៥គីឡូម៉ែត្រ និងស្ពានបេតុងមួយកន្លែងប្រវែង១២៥ម៉ែត្រ ស្ថិតនៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកំពង់ចាម៕