(សៀមរាប)៖ ទោះបីសម័យអង្គរដ៏រុងរឿងបានកន្លងហួសច្រើនសតវត្សរ៍ទៅហើយក្ដី ប៉ុន្តែសាស្រ្ដាចារ្យនរវិទូ លោក អាំង ជូលាង បានអះអាងថា អារ្យធម៌ ប្រពៃណី ទំនៀមទម្លាប់នៅសម័យនោះមិនទាន់ទៅណាឆ្ងាយឡើយទេ ដោយលោកបានស្នើឱ្យអ្នកស្រុកអង្គរបន្តប្រារព្ធពិធីតាមទំនៀមផ្សេងៗដែលធ្លាប់ធ្វើពីដូនតា ដើម្បីរក្សាអារ្យធម៌អង្គរឱ្យគង់វង្សទៅដល់អ្នកជំនាន់ក្រោយៗទៀត។

លោកបានបញ្ជាក់ថា អារ្យធម៌ទាំងនោះមិនទាន់បាត់បង់ឡើយ គឺវាបន្តរស់នៅជាមួយអ្នកស្រុកអង្គរ ដែលបន្តប្រណិប័តន៍តពីដូនតារហូតមក។ លោកយល់ថា អារ្យធម៌អង្គរមិនទាន់ស្លាប់ទៅណាទេ និងចង់ឱ្យថែរក្សាអារ្យធម៌នេះកុំឱ្យបាត់បង់។

ថ្លែងក្នុងបាឋកថាស្ដីពី «វដ្ដសង្សារ៖ សិល្បៈ និងកិច្ច» នៅអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ លោក អាំង ជូលាន បានព្យាយាមពន្យល់និងលើកជាឧទាហរណ៍មួយចំនួនប្រាប់ទៅអ្នកស្ដាប់។ អំណះអំណាងដែលបញ្ជាក់ថា អារ្យធម៌របស់អង្គរមិនស្លាប់ដែលអ្នកស្រាវជ្រាវរូបនេះពន្យល់ គឺតាមរយៈការប្រារព្ធពិធីសាសនា ទំនៀមទម្លាប់ ប្រពៃណី និងជំនឿផ្សេងៗ ដែលអ្នកស្រុកអង្គរគោរពប្រណិប័តន៍ពីដើមមក។

ជាមួយនឹងការងារនេះដែរ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបានមើលឃើញថា ការហូរចូលនៃចំនួនទេសចរច្រើននៅតំបន់ប្រាសាទជាបាតុភូតថ្មី។ ជារួម មុនសម័យសង្រ្គាមមានតែអ្នកស្រុកទេដែលចេញចូលគោរពទីសក្ការៈនានា និងថែរក្សា ហើយបាតុភូតនេះក៏អាចជាហេតុផលនៃការប៉ះពាល់ទំនៀមរបស់អ្នកស្រុកខ្លះដែរ។

លោកពន្យល់ថា អ្នកស្រុកព្យាយាមលែងប្រារព្ធពិធីមួយចំនួនដោយសារមានភាពអ៊ូអរ ឬបុគ្គលមួយចំនួនដែលមិនយល់ពីតម្លៃនៃពិធីនោះជាដើម។

នៅចំពោះអ្នកចូលរួមប្រមាណ ២០០នាក់ ដែលមានទាំងមគ្គុទ្ទេសក៍ទេសចរណ៍ អ្នកស្រាវជ្រាវ សិស្សនិស្សិត លោក អាំង ជូលាន ស្នើឱ្យប្រជាពលរដ្ឋបន្តប្រារព្ធពិធីតាមទំនៀមផ្សេងៗ ដែលធ្លាប់ធ្វើពីដូនតារបស់ពួកគេ ព្រោះថាការអភិរក្សតម្លៃទាំងនេះគឺមានសារសំខាន់ណាស់ ដើម្បីរក្សាអារ្យធម៌អង្គរឱ្យគង់វង្សទៅអ្នកជំនាន់ក្រោយ៕