(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារមួយច្បាប់ជាភាសារអង់គ្លេស ដើម្បីចូលរួមអបអរសាទរ ជូនប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសអបអរសាទរខួបលើក ទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមព្រះរាជាសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលានេះ។

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសចិនបានប្រារព្ធពិធីដ៏ធំធេងបំផុត នោះគឺការអបអរខួបទី ៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងរដ្ឋធានីប៉េកាំង ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់នៃគណបក្សកុម្មុយនិស្តចិន ព្រមទាំងបណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

នៅក្នុងអង្គពិធីទាំងមូលដែលត្រូវបានប្រារព្ធឡើង នៅលើទីលានប្រវត្តិសាស្ត្រធានអានមិន នៃរដ្ឋធានីប៉េកាំង លោក ស៊ី ជិនពីង ក្នុងនាមជាប្រធានរដ្ឋចិនបានថ្លែងសារប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅជាច្រើន ទៅកាន់ប្រជាជាតិរបស់លោក អមដោយការគូសបញ្ជាក់នូវគោលដៅយុទ្ធសាស្ត្រ ព្រមទាំងការប្តេជ្ញារបស់ជនជាតិចិនទាំងអស់ ក្នុងការបន្តដំណើរការរួបរួមជាតិ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចចិនឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយមាគ៌ាភ្លឺស្វាងបន្ថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះគឺជាខួប ៧០ឆ្នាំ នៃការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយអតីតប្រមុខដឹកនាំចិនលោក ម៉ៅ សេទុង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ បន្ទាប់ពីកងទ័ពបក្សកុម្មុយនិស្ដចិន បានវាយបំបាក់កងទ័ពរបស់លោក ចាង ខាយចៀក (Chiang Kai-shek) ឱ្យរត់ភៀសខ្លួនទៅនៅកោះតៃវ៉ាន់៕

ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ៖