(កណ្ដាល)៖ បន្ទាប់ពីពិធីបុណ្យភ្ជុំធំ បានបញ្ជប់ទៅ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ កំពុងវិលមកចូលក្នុងរាជធានីភ្នំពេញវិញបណ្ដើរៗហើយ តាមរយៈផ្លូវជាតិធំៗ រួមមាន៖ ផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦ជាដើម ខណៈដែលចរាចរណ៍មមាញឹក គ្រប់ស្ថានភាពផ្លូវ។

លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្ដាល ទទួលផែនចរាចរណ៍ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកញ្ញានេះថា បងប្អូនប្រជាពលរដ្ឋ បាននិងកំពុងសម្រុក ចូលមករាជធានីភ្នំពេញវិញហើយ ដោយឆ្លងកាត់តាមខេត្តកណ្ដាល ហាក់មមាញឹកខ្លាំងណាស់ រាប់ចាប់តាំងពីថ្ងៃរសៀលមកម្ល៉េះ។

លោកថា រហូតមកដល់ល្ងាចថ្ងៃនេះ ចរាចរណ៍ហាក់កំពុងមមាញឹកកាន់តែខ្លាំងឡើង ដែលនេះសបញ្ជាក់ថា លំហូរពលរដ្ឋមកពីស្រុកកំណើតខ្លួន ហាក់កំពុងមានសន្ទុះខ្លាំងឡើងៗ ពិសេសគឺនៅពេលយប់ ព្រោះថាស្អែកនេះ ជាថ្ងៃដែលពួកគាត់ត្រូវចូលបំរើការងារ ឬរកទទួលទានតាមជំនាញរៀងៗខ្លួន។

លោក វ៉ែន សុវិន បន្ថែមថា រថយន្តធំតូច ម៉ូតូទំនើបៗគ្រប់ស៊េរី កំពុងបើកបរលើផ្លូវជាតិនីមួយៗ បន្តកន្ទុយគ្នាយ៉ាងរីករាយ ចូលមករាជធានីភ្នំពេញ ជាមួយនឹងទឹកមុខញញឹមញញេម ហាក់បង្ហាញថា ស្រុកទេសយើងមានសន្តិភាព មានភាពសប្បាយរីករាយឥតឧបមា។

ទន្ទឹមនឹងការសម្រុកចូលរាជធានីភ្នំពេញបែបនេះ លោកស្នងការរងបន្តថា កម្លាំងសណ្ដាប់ធ្នាប់តាមស្រុកនីមួយៗ ជុំវិញខេត្តកណ្ដាល បានរៀបចំយ៉ាងល្អប្រសើរ ដើម្បីសណ្ដាប់ធ្នាប់ចរាចរណ៍ការពារ និងដោះស្រាយ ការកកស្ទះណាមួយកើតឡើង នៅតាមមូលដ្ឋានរៀងៗខ្លួន ។

ជាមួយគ្នានោះ លោកស្នងការរង ក៏សំណូមពរពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍» បើកបរសូមមានការយោគយល់អធ្យាស្រ័យគ្នាល្អ បើកបរគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអទិភាព បើកបរដោយគ្មានសារធាតុស្រវឹង ចំពោះម៉ូតូត្រូវពាក់មួក ចំពោះឡានតូចធំ ត្រូវពាក់ខ្សែក្រវាត់ កុំជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម៕