(ភ្នំពេញ)៖ ក្រុមម៉ូតូធំកម្ពុជា BMW Motorcycle Club Cambodia រួមនឹងក្រុមម៉ូតូ BMW ៤ប្រទេសទៀត បានជិះម៉ូតូរួមគ្នា ដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំង៥ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការបង្ហាញអំពីអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា របស់ប្រទេសខ្លួនផងដែរ។

បើតាម លោក ថៃ សន្ធរ សមាជិកក្រុមម៉ូតូ BMW Motorcycle Club Cambodia ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជិះម៉ូតូរួមគ្នា៥ ប្រទេសនេះ បានឱ្យដឹងថា រូបលោក និងមិត្តភ័ក្តម្នាក់ទៀតដែលតំណាងក្រុមម៉ូតូ BMW កម្ពុជា បានចូលរួមជិះម៉ូតូរួមគ្នា ប្រមាណ១០ថ្ងៃ ទៅកាន់ប្រទេសចិន ជាមួយក្រុមម៉ូតូ BMW ៤ប្រទេសទៀត ដែលរួមមាន ថៃ វៀតណាម ឡាវ និងចិន ដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំង៥ ការផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក អំពីបច្ចេកទេសនៃការជិះម៉ូតូ ហើយអ្វីដែលសំខាន់នោះ គឺការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ទៅកាន់ប្រទេសជាសមាជិក ដើម្បីឱ្យពួកគេមកលេង និងទស្សនាតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

លោក ថៃ សន្ធរ បានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់ការធ្វើដំណើរតាមដងផ្លូវនៅប្រទេសចិននេះ ខ្ញុំពិតជាសូមកោតសរសើមែនទែន ក៏ព្រោះតែផ្លូវធ្វើដំណើរ គេស្អាតណាស់ កន្លងមកយើងធ្លាប់ធ្វើដំណើរទៅម៉ាឡេស៊ី និងថៃជាដើម ប៉ុន្តែផ្លូវធ្វើដំណើរស្អាតមិនដល់ប្រទេសចិននោះទេ អ្វីដែលខ្ញុំមើលឃើញ គឺចិន គេបានកសាងផ្លូវបានល្អណាស់ សឹងគ្រប់កន្លែង ជាក់ស្តែងតំបន់ដែលពួកយើងធ្វើដំណើរមកដល់តំបន់ដាច់ស្រយ៉ាល នៅខាងទីបេនេះ ផ្លូវគេនៅតែស្អាតងាយស្រួលក្នុងការធ្វើដំណើរ អ្វីដែលចាប់អារម្មណ៍ទៀតនោះ គឺការរស់នៅរបស់ប្រជាជនគេគឺមានរបៀបរបប ខុសពីអ្វីដែលយើងធ្លាប់គិត»

លោក ថៃ សន្ធរ បានបញ្ជាក់បន្ថែមទៀតថា អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅប្រទេសចិន នៅពេលដែលយើងយកម៉ូតូ ធ្វើដំណើរឆ្លងចូលព្រំដែនគេ ខាងចិនគេយកម៉ូតូយើងដាក់ចូលបន្ទប់ធំមួយ ដើម្បីត្រួតពិនិត្យមើលសំភារៈនៅក្នុងម៉ូតូ ដើម្បីបង្កាបទល្មើស ហើយអ្វីដែលចាប់អារម្មណ៍មួយទៀត នៅពេលយើងធ្វើដំណើរប្រមាណ៦០គីឡូម៉ែត្រ គេឱ្យយើងម៉ូតូចូលកន្លែងឆៀក ដើម្បីត្រួតពិនិត្យ។

ចំពោះលោក ង៉ែត ចន្ថា បានបង្ហាញពីមោទនភាព ខណៈដែលលោក និងលោក ថៃ សន្ធរ បានបង្ហាញអំពីអត្តសញ្ញាណជាតិ នៅលើតំបន់ភ្នំទឹកកក ដែលជាផ្នែកមួយនៃភ្នំហិម៉ាឡៃ។

លោក ង៉ែត ចន្ថា បានបន្តទៀតថា ចំពោះសកម្មភាពជិះម៉ូតូរួមគ្នានេះ ក្រៅតែពីទទួលបានបទពិសោធន៍ថ្មីៗ រវាងបណ្តាប្រទេសជាមិត្ត ក្នុងនាមកម្ពុជា លោកក៏បានចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នានារបស់ជាតិ ដែលរួមមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ ធម្មជាតិជាដើម ទៅកាន់ក្រុមម៉ូតូ BMW ថៃ វៀតណាម ឡាវ និងចិនផងដែរ ជាមួយគ្នានេះដែរ ក្នុងព្រឹត្តិការ Motorrad Angkor Festival ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ភាគីកម្ពុជា ក៏បានអញ្ជើញដល់ភាគីថៃ ដើម្បីមកចូលរួមផងដែរ៕