(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៩ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២៧ ខែកញ្ញា ស្អែកនេះ នៅរដ្ឋធានីញូដេលី សាធារណរដ្ឋឥណ្ឌា ក្រោមប្រធានបទ «ទេសចរណ៍ និងការងារ៖ អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា»។

បើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៦ ខែកញ្ញានេះ បានឱ្យដឹងថា សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះអង្គការទេសចរណ៍ពិភពលោក ដែលបានខិតខំយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោក និងលើកកម្ពស់តួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមអបអរសារជាថ្មី ដែលឆ្នាំ២០១៨ កន្លងទៅ ពិភពលោកបានទទួលទេសចររហូតដល់ ១,៤០០លាននាក់ ក្នុងអត្រាកំណើន ៥% ចូលរួមបង្កើតការងារ ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឱ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។ នេះបង្ហាញថា វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញរបស់ពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងផលិតផលគីមីនាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។

ដោយឡែក រយៈពេល២០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិពីគ្រប់ភាគី វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ម៉ឺននាក់ នៅឆ្នាំ១៩៩៨ រហូតដល់ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦២ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក៖