(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងដៃគូពាក់ព័ន្ធអង្គការជាតិ អន្តរជាតិជាច្រើនរួមគ្នា រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីទទួលបានអត្ថប្រយោជន៍នានា មុននឹងធ្វើសមាហរណកម្មពួកគេទៅកាន់សហគមន៍វិញ។

ជុំវិញការរៀបចំច្បាប់ ស្ដីពីការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រសួងសង្គមកិច្ច ក៏បានបានរៀបចំសិក្ខាសាលាមួយ នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីបណ្ដាអង្គការជាតិ អន្តជាតិ និងមន្រ្តីពីស្ថាប័នពាក់ព័ន្ធជាច្រើន មកជជែកពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែម ដែលមានសារៈសំខាន់សម្រាប់ការរៀបចំច្បាប់នេះ។

ក្នុងឱកាសបិទសិក្ខាសាលា លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ការព្យាយាមបង្កើតច្បាប់នេះ ជារឿងចាំបាច់ដើម្បីការពារថែទាំ និងផ្ដល់អត្ថប្រយោជន៍ជាការបណ្ដុះបណ្ដាលជំនាញ សម្រាប់ជនររងគ្រោះដោយអំពើជួញដូរមនុស្ស មុននឹងធ្វើសមាហរណកម្មពួកគេទៅសហគមន៍វិញ ដោយមានភាពប្រសើរ។

លោកបានបន្ថែមថា ច្បាប់នេះ ពុំទាន់អាចបញ្ជាក់ពេលវេលាអនុម័តជាក់លាក់នៅឡើយនោះទេ ដោយសារបច្ចុប្បន្នវាស្ថិតក្នុងដំណាក់កាល សេចក្ដីព្រាងដំបូង ដែលទាមទារការប្រមូលធាតុចូលពីស្ថាប័ន និងបណ្ដាអង្គការពាក់ព័ន្ធទាំងអស់។

លោក ញឹក វណ្ណារ៉ា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច កំពុងធ្វើការយ៉ាងសកម្ម ជួយដល់ជនរងគ្រោះ នៅពេលពួកគេត្រូវបានបញ្ជូនមកដល់កម្ពុជាវិញ ទោះបីជាពុំទាន់មានមណ្ឌលសុំចតគ្រប់ច្រកព្រំដែនក្ដី។

ក្រសួងបានប្រើប្រាស់មន្ទីរសង្គមកិច្ច និងបណ្ដាអង្គការដៃគូមួយចំនួន ជាមណ្ឌលសំចតបណ្ដោះអាសន្នសម្រាប់ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយទទួលបានការថែទាំ ការស្នាក់នៅ អត្ថប្រយោជន៍នឹង ការផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញមួយចំនួនផងដែរ។

លោក បានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាមានមណ្ឌលសំចតធំមួយនៅ ប៉ោយប៉ែត ហើយភាគីថៃ ក៏នឹងជួយសាងសង់មណ្ឌលសំចតបណ្ដោះអាសន្នមួយទៀតនៅ ប៉ោយប៉ែត ក្នុងចុងឆ្នាំ ២០១៩នេះ ហើយកម្ពុជាក៏បានសាងសង់ មណ្ឌលសំចតបណ្ដោះអាសន្នមួយនៅ ច្រកដូង សម្រាប់ការជួយដល់ ជនរងគ្រោះដែលបញ្ជូនមកតាមច្រកមួយនេះ៕