(ភ្នំពេញ)៖ ផ្ទុះអាវុធ២គ្រាប់ នៅខាងក្រោយមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដឹងមូលហេតុ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត២យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកតាមបណ្ដោយផ្លូវ២៦៥ ក្នុងទិសដៅពីជើង ទៅត្បូង ដោយមិនដឹងថា មានរឿងអ្វីនោះទេស្រាប់តែលឺសំឡេងផ្ទុះអាវុធ២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗ អ្នកបើកបររថយន្តដែលបានធ្វើសកម្មភាពបាញ់បោះនោះ បានបើករត់ទៅបាត់ស្រមោលពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការគូសកំណត់អត្តសញ្ញា និងយកសំបកគ្រាប់ ដើម្បីស្រាវជ្រាវតាមរកជនដៃដល់ ដែលបានធ្វើសកម្មភាពបាញ់បោះយ៉ាងអាណាធិបតេយ្យនៅទីសាធារណៈ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕