(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបន្ដអំពាវនាវឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ ក្រសួងសាធារណការ ព្រមទាំងក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងបណ្តាសាធារណជន ឱ្យចូលរួមបរិច្ចាគ និងចូលជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជាទៅតាមលទ្ធភាព ដោយប្រកាន់ខ្ជាប់នូវស្មារតី និងគុណធម៌ «ខ្មែរជួយខ្មែរ» ដើម្បីធានាបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង និងដើម្បីភាពញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ដើម្បីការអភិវឌ្ឍន៍របស់កម្ពុជា។

ការអំពាវនាវរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការីដែលបាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ៧៦,០០៦,០០០ រៀល ដែលបានមកពីការបរិច្ចាគប្រចាំឆ្នាំ របស់អង្គភាពក្រោមឱវាទក្រសួង និងចំនួន ៩៥,៤៨២ដុល្លារអាមេរិកដែលបានមកពី ការផ្តួចផ្តើមរៀបចំកម្មវិធីជិះកង់ ដើម្បីសុខភាពត្រួតពិនិត្យផ្លូវ និងរៃអង្គាសថវិកានៅខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅដើម្បីបរិច្ចាគជូន «មូលនិធិគន្ធបុប្ផាកម្ពុជា» រួមទាំងថវិកាដែលជាការចូលរួម ផ្ទាល់របស់លោកទេសរដ្ឋមន្រ្តីចំនួន៥,០០០ដុល្លារអាមេរិកផងដែរ។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផាកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់លោក ស៊ុន ចាន់ថុល និងសហការីទាំងអស់ចំពោះ ការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្តក្នុងការបន្តផ្តល់ វិភាគទានសប្បុរសធម៌ តាមរយៈការចូលរួមជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីសាវតានៃ ការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជាក៏ដូចជា ការរួមចំណែករបស់មូលនិធិគន្ធបុប្ផាស្វីស និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន របស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ផងដែរ។

លោក ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងជាពិសេសការគិតគូរអំពី សុខុមាលភាពរបស់កុមារ តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីចូលរួមធានានិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា។

លោកបានសម្តែងសេចក្តីសោមនស្សរីករាយដែលបានរួមចំណែក ក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា៕