(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត។

ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក លោកស្រី ជាមន្ត្រីរាជការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងស្ថាប័នសាលាដំបូង និងអយ្យការខេត្តកំពត និងថ្នាក់ដឹកនាំអង្គភាព មកពីអង្គភាពយោធភូមិភាគ៣ បញ្ជាការដ្ឋានកោះឆ្នេរ បញ្ជាការដ្ឋានកងពលតូចលេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា ពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈសង្គម ពិសេសក្នុងក្រុងកំពត នារយៈពេលកន្លងមកនេះ មានលេចចេញជាសកម្មភាព ចោរលួច ចោរឆក់គួរជាទីចាប់អារម្មណ៍។ ដូច្នេះលោកក៏បានក្រើនរំលឹក ដល់អាជ្ញាធរក្រុងកំពត ត្រូវតែខិតខំសហការពង្រឹងពង្រីក និងពង្រាយនូវកងកម្លាំងនគរបាល ក្នុងគោលដៅចាំបាច់សំខាន់នានារបស់ក្រុងកំពត ដោយសម្ដៅការធានាថែរក្សា ឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីផ្ដល់ការជំនឿកក់ក្ដៅ និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។

ដោយឡែកចំពោះសកម្មភាពពាក់ព័ន្ធបទល្មើស នៃការទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ ក្នុងខេត្តកំពតកន្លងមក ឃើញថាបណ្ដាញសង្គម បានលើកឡើងតៗគ្នា រហូតដល់អង្គភាពសារព័ត៌មានក្នុងស្រុក និងបរទេសចុះផ្សាយនោះ រដ្ឋបាលខេត្តតែងតែចាត់នូវវិធានការណ៍ច្បាប់ ចំពោះអ្នកដែលប្រព្រឹត្តល្មើស ដាច់ខាតច្បាប់មិនអនុញ្ញាតិឲ្យទេ គឺថាបើជនល្មើស បានប្រព្រឹត្តត្រូវតែអនុវន៍តាមនីតិវិធីច្បាប់។

ពាក់ព័ន្ធករណីរំលោភបំពានទន្ទ្រានដីនេះទៀតសោធន៍ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ក៏ដូចមន្ទីរ អង្គភាពពាក់ព័ន្ធ មិនត្រូវព្រងើយកន្តើយឡើយ ត្រូវតែធ្វើរបាយការណ៍ឲ្យបានជាក់លាក់ ដោយប្រមូលប្រភពបញ្ហាប្រឈមទាំងនោះ ចាត់វិធានការណ៍ដោះស្រាយ បើពុំដូច្នេះទេទៅថ្ងៃមុខ យើងនឹងប្រឈមខ្លួនឯង ព្រោះបុគ្គលដែលអនុវត្តផ្ទុយពីច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយបើមិនបានអនុវត្តដូច្នោះទេ យើងនៅតែរងការចោទប្រកាន់ឥតឈប់ឈរឡើយ។

លោកបានបន្តទៀតថា ដោយអនុវត្តនូវអ្វីដែលតែងតែមានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីបញ្ហាការការពារនូវអ្វីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។ រដ្ឋបាលខេត្ត ត្រូវតែមានវិធានការណ៍ និងត្រូវតែមានការទប់ស្កាត់ ជាចាំបាច់មិនអាចឲ្យបុគ្គលណាមួយ នៅតែប្រព្រឹត្តហើយបង្កធ្វើផ្គរធ្វើភ្លៀងតទៅទៀតបានទេ។

លោកអភិបាលខេត្ត បានស្នើអភិបាលក្រុង ស្រុកទាំងអស់យកចិត្តទុកដាក់ នូវរបាយការណ៍ អំពីសកម្មភាពកើតឡើង នៅក្នុងរដ្ឋបាលរបស់ខ្លួនគ្រប់គ្រង ពីព្រោះរដ្ឋបាល ក្រុង ស្រុកនីមួយៗ ក្នុងដែនដីរបស់ខ្លួន បើមិនបានធ្វើរបាយការណ៍មកថ្នាក់ខេត្តទេ ហើយនៅតែទុកបញ្ហានេះធ្វើឲ្យរីកដុះដាល នូវការទន្ទ្រានដីធ្លីនេះ គឺជាការទទួលខុសត្រូវរបស់ខ្លួន៕