(កំពង់ធំ)៖ នារដូវភ្ជុំបិណ្ឌឆ្នាំនេះ លោក នង វាសនា តំណាងរាស្ដ្រមណ្ឌលកំពង់ធំ​ និងក្រុមការងារ ចុះជួយស្រុកសណ្តាន់ មានសទ្ធាជ្រះថ្លា ចូលរួមពិធីកាន់បិណ្ឌវេន១១ នៅវត្តទឹកម្លាង និងវត្តកូនអក ដែលមានទីតាំង នៅឃុំងន និងឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយនាំមកជាមួយនូវទេយ្យទាន និងសម្ភារផ្សេងៗ ប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា។

ក្នុងពិធីនោះ លោក នង វាសនា និងក្រុមការងារ ក៏បានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងអារាម និងបានប្រគល់ថវិកា ជូនយាយជី តាជី ចំនួន១៥០នាក់ម្នាក់ៗ ទទួលបានថវិកា១០,០០០រៀល រីឯចំនុះជើងវត្ត និងក្មេងៗ ២៤០នាក់ ម្នាក់៥,០០០រៀលផងដែរ។

លោក នង វាសនា និងក្រុមការងារ បានប្រគល់ថវិកាមួយចំនួន ជូនប្រជាការពារ និងឧបត្ថម្ភថវិកាជូនលោកគ្រូ-អ្នកគ្រូ ប្រចាំបឋមសិក្សា អណ្តូងតាមែង ម្នាក់ៗ១០ម៉ឺនរៀល និងធ្វើការចែកកាតាបថ្មីម្នាក់១ និងថវិកា១ម៉ឺនរៀល ជូនក្មេងៗកុមារា-កុមារី ដែលកំពុងសិក្សា នៅបឋមសិក្សានោះផងដែរ។

លុះព្រឹកថ្ងៃទី២៥ ថ្ងៃនេះ លោក នង វាសនា និសហការី រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ រួមទាំង បុគ្គលិក ចំការកៅស៊ូទំរីង បានចូលរួមពិធីកាន់បិណ្ឌវេនទី១២ នៅវត្តហត្ថានីសិរីរាម ហៅវត្តទំអរ ឃុំទំរីង។

ក្រៅពីបច្ច័យ និងថវិកា កសាងលោក នង វាសនា ក៏បានធ្វើការសំណេះសំណាល ជាមួយបងប្អូន ចំណុះជើងវត្តទំរីងទាំងអស់ ឲ្យចេះស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍ និងបានរំលឹកពីប្រវត្តិ នៃការកកើត នៃចំការកៅស៊ូទំរីងនេះ ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងឆ្នាំ ២០០០-២០០១ ក្នុងគោលបំណង បង្កើតប៉ូលសេដ្ឋកិច្ចឧស្សាហកម្ម កៅស៊ូធម្មជាតិផ្សេងទៀត ក្រៅពីតំបន់ប្រពៃណី នៅខេត្តកំពង់ចាម ដើម្បីជាប្រយោជន៍សេដ្ឋកិច្ច និងឱកាសការងារ ជូនប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ធំ ក៏ដូចជាតំបន់ផ្សេងទៀត៕