(ព្រះវិហារ)៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ, អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងរដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានយកអំណោយដែលជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះសាកសួរសុខទុក្ខគ្រួសារកងទ័ព ចំនួន១៩១គ្រួសារ និងកងទ័ពឈរជើងការពារទឹកដី នៅវរសេនាតូចអន្តរាគមន៍៣៩១ តាមបណ្តោយព្រំដែន ខេត្តព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខណ្ឌទាំងបី។

សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងនោះ គិតជាថវិកាអស់ចំនួន៦១,៤០៥,៥០០រៀល ក្នុងនោះរដ្ឋបាលខណ្ឌបានឧបត្ថម្ភនៅអង្គភាព ចំនួន២,០០០,០០០រៀល ក្នុងមួយខណ្ឌ ព្រមទាំងសម្រាប់គ្រួសារទ័ពក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មីខ្លាឃ្មុំ ១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខកំប៉ុង១យួរ, ប្រេងឆា០២ដប, ប៊ីចេង០២កញ្ចប់, សារុង០១, ក្រមា០១ និងថវិកាចំនួន១០០,០០០រៀល។

ក្នុងឱកាសនោះ រដ្ឋបាលខណ្ឌទាំងបី បានលើកពីវីរភាពអង់អាចក្លាហាន លះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វហេតុបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើទស្សនវិស័យ ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍ៕