(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៧៧ គ្រួសារ នារសៀលថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៩ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ ស្ថានភាពទឹកជំនន់បានធូរស្រាលហើយ ព្រោះទឹកស្រកនៅកម្រិត ១៣,២០ ម៉ែត្រ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋយើងក៏បានវិលត្រឡប់ពីទីទួលសុវត្ថិភាពទៅកាន់ផ្ទះសម្បែងវិញជាបណ្ដើរៗហើយដែរ។

លោកបន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល បានផ្ដល់ជាអំណោយសង្គ្រោះបន្ទាន់ តាមរយៈកាកបាទក្រហម និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាអំណោយពីខាងអង្គការមនុស្សធម៌នានា
ចែកជូនបងប្អូនប្រជាពលរដ្ឋយើង ដើម្បីដោះទាល់បានមួយគ្រាផងដែរ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិស វាអាចសម្ងំនៅ ក្នុងផ្ទះរបស់យើង ដែលបានទុកចោលក្នុងកំឡុងទឹកជន់លិចនោះផងដែរ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ផងដែរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ ពេលត្រឡប់ទៅកាន់លំនៅឋានវិញ សូមមានការប្រុងប្រយ័ត្នអំពីសុខភាព ជាពិសេសការរក្សាអនាម័យ គឺហូបស្អាតផឹកស្អាត និងមើលថែទាំចំពោះកុមារ ចៀសវាងការកើតជំងឺផ្សេងៗ៕