(តាកែវ)៖ ទេសរដ្ឋមន្ដ្រី យឹម ណុលឡា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងថា ប្រទេសកម្ពុជា កំពុងតែគ្របដណ្ដប់ដោយម្លប់សុខសន្ដិភាព និងការអភិវឌ្ឍ ដូច្នេះប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងការចូលរួមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗ។

ការលើកឡើងរបស់ទេសរដ្ឋមន្ដ្រី យឹម ណុលឡា បានធ្វើឡើងក្នុងឱកាស ដឹកនាំមន្ដ្រីរាជការ និងក្រុមការងារ ទៅចូលរួមដាក់បិណ្ឌវេនទី១២ (រួម១៣វត្ត) នៅវត្តសម្តេចពាន់ ស្ថិតក្នុងឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធឧបការីជន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋាន ពិសេសដល់យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។

ទេសរដ្ឋមន្ដ្រី យឹម ណុលឡា បញ្ជាក់ជូនពុទ្ធបរិស័ទថា ឆ្លងកាត់រយៈពេល៤០ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្ត។ ក្រោមម្លប់សន្តិភាព កម្ពុជាចាប់ផ្តើមមានកម្លាំងសេដ្ឋកិច្ច ងើបផុតចេញពីឋានៈជាប្រទេស ដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ២០១៦។

កម្ពុជាក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការពន្លឿនពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាព ការប្រកួតប្រជែង ការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងប្រព័ន្ធខ្សែចង្វាក់តម្លៃសកល និងបង្កើនភាពធន់នឹងវិបត្តិ ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ធាតុផ្សំ នៃសន្តិភាព អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ រួមផ្សំនឹងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ ដ៏ត្រឹមត្រូវក្រោមយុទ្ធសាស្រ្តចតុកោណ បានធ្វើឲ្យអត្រានៃភាពក្រីក្ររបស់ប្រជាជនខ្មែរ ថយចុះយ៉ាងគំហុកពី៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅក្នុងរង្វង់១០% នាពេលបច្ចុប្បន្ន។

លោកសង្កត់ធ្ងន់ថា នេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាននាំយកប្រទេស ចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាស្រ្តឈ្នះឈ្នះ ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរ ទទួលទានបានដោយសេរី ធ្វើឲ្យមានជីវភាពធូរធា ទើបពលរដ្ឋមានលទ្ធភាព និងឱកាសធ្វើបុណ្យនានាជុំបងប្អូន ដោយសប្បាយរីករាយបែបនេះ ពិសេស គឺបុណ្យភ្ជុំបិណ្ឌនេះតែម្តង។

នៅក្នុងកម្មវិធីនេះ លោក យឹម ណុលឡា ក៏បានលើកឡើងថា កម្ពុជា មិនអាចទទួលយកការកៀបសង្កត់ ឬការជ្រៀតជ្រែកណាមួយបានឡើយ ជាពិសេស ការប៉ុនប៉ងពីខាងក្រៅ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលការប៉ុនប៉ងបែបនេះ បាននិងកំពុងបង្កនូវ ជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ រាប់សែនលាននាក់ យ៉ាងអយុត្តិធម៌បំផុតនៅក្នុងប្រទេសមួយចំនួន ដែលរកទីបញ្ចប់មិនឃើញ ហើយបានអំពាវនាវដល់បងប្អូនរក្សាសន្តិភាពឲ្យខានតែបាន៕