(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវការពារឲ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត។ ជាមួយគ្នានោះ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីកម្ចាត់ជនក្បត់ជាតិ សម រង្ស៉ី ដែលតែងតែបង្កចលាចលដល់សង្គមជាតិ។

ការអំពាវនាវ របស់លោកអភិបាលខេត្តព្រះវិហារបែបនេះ បានធ្វើឡើង ក្នុងឱកាសដែលលោករួមជាមួយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ការជួបសំណេះសំណាលនេះ គឺសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ អំពីទំនាក់ទំនងកាន់តែជិតស្និទ្ធ កិច្ចសហការល្អប្រសើរ រវាងអជ្ញាធរខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងតំបន់ ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ។ ថ្វីត្បិតតែកម្លាំងទាំងអស់ ត្រូវប្រឈមនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ក៏កិច្ចការងារបង្រ្កាបបទល្មើសផ្សេងៗ ក៏ដូចជាកិច្ចការងារហ្វឹកហ្វឺន ដល់កងកម្លាំង និងការអភិវឌ្ឍន៍អង្គភាព ទទួលបានជោគជ័យដែរ។

លោកបន្តទៀតថា បញ្ហាចំពោះមុខនេះ អ្វីដែលយើងទាំងអស់គ្នាត្រូវការឲ្យបានដាច់ខាតនោះ គឺអំពីជនក្បត់ជាតិ សម រង្ស៉ី ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោកថា ជនក្បត់ជាតិ សម រង្ស៉ី តែងតែញុះញង់ និងបង្កចលាចលដល់សង្គមជាតិជានិច្ច ក្រោមរូបភាពផ្សេងៗ ហើយថ្មីៗនេះ បុគ្គលរូបនេះ ថែមទាំងបានប្រមាថដល់ព្រះមហាក្សត្រទៀតផង ដែលធ្វើឲ្យយើងទាំងអស់គ្នា ពិតជាមិនអាចអត់ឲ្យបាននោះឡើយ នូវទង្វើរបស់ជនក្បត់ជាតិ សម រង្សី។

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានធ្វើការផ្តាំផ្ញើ ដល់កងកម្លាំងយើងទាំងអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តបទល្មើសផ្សេងៗ ដើម្បីថែរក្សាតម្លៃក្នុងនាមយើងជាកងកម្លាំង។ ជាពិសេសត្រូវការពារ ដាច់ខាត នូវរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្តាប់បទបញ្ជាមេបញ្ជាការរបស់ខ្លួន យកចិត្តទុកដាក់បង្រ្កាបបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធិភាព។

ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្តេជ្ញាត្រៀមលក្ខណៈគ្រប់ពេលវេលា កម្ចាត់ជនក្បត់ជាតិ សម រង្ស៉ី ប្រសិនបើមានវត្តមាននៅលើទឹកដីកម្ពុជា៕