(ព្រះសីហនុ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ អ្នកទទួលទានមន្រ្តីសាខាកាំកុងត្រូលមន្ត្រីជំនាញ លើផ្នែកចំណីអាហារ ដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យម្ហូបអាហារ ជាច្រើនមុខ ធ្វើយ៉ាងណាជៀសឲ្យផុតពីទំនិញ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋជាពិសេសទំនិញ ក្នុងផ្សារពាណិជ្ជកម្មក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក ជា ប៉ិច បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅក្នុងឱកាសចុះពិនិត្យទំនិញនានា នៅតាមតូបលក់ទំនិញ និងផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ គោលបំណងរក្សានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ លើផ្នែកចំណីអាហារ គ្រឿងឧបភោគ បរិភោគផ្សេងៗ រួមមាន ដូចជាម្ហូបអាហារត្រីប្រឡាក់ សាច់ក្រក បន្លែចិត មីដុំ នំបញ្ចុក សាច់គុយទាវ ជាដើម ជាពិសេសស្លាដក់ ដោយរកពុំឃើញមានសារធាតុគីមី ឬហួសកាលបរិច្ឆេទនោះទេ។

លោកអនុប្រធាន បានបន្តទៀតថា ការធ្វើតេស្ដដោយរកមិនឃើញមុខទំនិញគ្រប់ប្រភេទ ដែលហួសការបរច្ឆេទ លើចំណីអាហារដែលគ្មានសារធាតុគីមី ដោយសារនៅខេត្តព្រះសីហនុ ត្រូវបានមន្ត្រីជំនាញចុះជាញឹកញាប់ហើយប្រជាពលរដ្ឋ ក៏ដូចអាជីវករមានការយល់ដឹងច្រើន ដូចនេះពួកគាត់មិនយកទំនិញ នឹងអាហារខូចគុណភាពហួស កាលបរិច្ឆេទមកដាក់លក់ទេ។

លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ សូមអំពាវនាវដល់អាជីវករទាំងអស់សូមមេត្តា បញ្ឈប់ការលក់ ចំណីអាហារ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ។

លើសពីនេះ លោក ជា ប៉ិច បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តារាយការណ៍មកកាន់ប្រព័ទ្ធទូរស័ព្ទពិសេស របស់មន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ហើយលោកនឹងខំប្រឹងបន្ត ដឹកនាំមន្រ្តីរបស់លោកចុះត្រួតពិនិត្យដូចភ្លៀងរលឹម ដើម្បីម្ហូបអាហារមានសុវត្ថិភាពជូនដល់ពលរដ្ឋ៕