(ភ្នំពេញ)៖ ការលើកឡើង និងការធ្វើសកម្មភាពដោយមិនខ្វល់ពីច្បាប់របស់ទណ្ឌិត សម រង្ស៉ី គឺជាកត្តានាំឱ្យអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនជាប់ពន្ធនាគារ។ នេះជាការលើកឡើងរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃនេះ ចំអកឱ្យទណ្ឌិត សម រង្ស៉ី។

ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាវិគ្មិនរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៉ី» នៅរាជបណ្ឌិត្យសភាកម្ពុជា។

ការលើកឡើងរបស់ លោក សុខ ទូច បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រនោះ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ លោកមិនខ្វល់ពីច្បាប់នៅកម្ពុជានោះទេ ដោយសារតែច្បាប់មនុស្សជាអ្នកបង្កើត។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកឯងនិយាយនេះ គឺយកកូនចៅរបស់អ្នកឯងមកញាត់គុកហើយ គឺច្បាប់ អញ្ចឹងខ្ញុំឱ្យនិយមន័យមួយទៀតមនុស្ស មនុស្សបង្កើតសង្គម សង្គមបង្កើតបញ្ហា គេរៀបចំច្បាប់ពីគឺមានកាតព្វកិច្ចត្រូវតែគោរព ច្បាប់គឺអ្វី? ច្បាប់គឺជាការចាប់បង្ខំ»

លោកបណ្ឌិត សុខ ទូច បានបន្តថា លោក សម រង្ស៉ី ប្រៀបបានជាមេដឹកនាំម្នាក់បែបធម្មជាតិ ដូច្នេះ ហើយលោក សម រង្ស៉ី មិនសក្តិសម ជាអ្នកនយោបាយនៅក្នុងសម័យគ្រប់គ្រងបែបនយោបាយនោះទេ កត្តាទាំងនេះជាដើមចមមួយអូសទាញ កូនចៅគាត់ទៅញាត់គុក មានន័យថា លោក សម រង្ស៉ី ខ្លួនឯងនោះទេ ជាអ្នកបង្កើតឱ្យកូនចៅរបស់ជាប់គុក នៅពេលដែលអ្នកគាំទ្រទាំងអស់នោះមិនបានគិត ឱ្យបានច្បាស់លាស់ពីទិដ្ឋភាពតាមផ្លូវច្បាប់របស់កម្ពុជា។

លោកបណ្ឌិត បានបន្ថែមយ៉ាងដូច្នេះថា៖ «អ្នកគាំទ្រជិតនោះ ដែលអត់ចេះនយោបាយ អត់ចេះច្បាប់ ស្មើនឹងគេប្រមូលដាក់គុកអត់ខុសទេ អាហ្នឹងនិយាយនៅប៉ារីស និយាយនៅអាមេរិក សាកទៅជេរស្តេចថៃមើល៍ សាកទៅជេរវៀតណាមមើល ឥឡូវសាកទៅបង្កើតបាតុកម្មនៅវៀតណាម សាលមើល ច្បាប់វៀតណាមច្បាប់កុំមុយនីស្ត ហាមបាតុកម្ម ទៅសាកមើលខ្ញុំអត់ខ្វល់វៀតណាម គេញាត់គុកភ្លាម»

កាលពីពេលថ្មីៗនេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ចំនួន៨នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការវិលត្រឡប់របស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ជាមួយនឹងការប្រកាសផ្តួលរំលំរាជរដ្ឋាភិបាល។ លោក សម រង្ស៉ី បានប្រកាសផ្តល់ថវិកាដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរដ្ឋាភិបាល ទៅចុះចូលជាមួយលោក ព្រមទាំងដាក់ចេញយុទ្ធនាការប្រមាថព្រះមហាក្សត្រជាបន្តបន្ទាប់ផងដែរ។

ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤ របស់ទណ្ឌិត សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕