(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី រួមទាំងក្រុមការងារ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ញើញ កាន់បិណ្ឌវេនទី១២ និងបាននាំយកទេយ្យវត្ថុ និងថវិកា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តជីមុនីរតនារាម (ហៅវត្តច្រម៉ាស់) ស្ថិតនៅភូមច្រម៉ាស់ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងពិធីនោះដែរ លោក សុខ លូ និងលោកស្រី រួមទាំងក្រុមការងារ និងប្រជាពលរដ្ឋ បានសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្លរ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ ម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

លោក សុខ លូ បានថ្លែងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយជារៀងរាល់ឆ្នាំនៅពេលពិធីបុណ្យនេះ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ដែលទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ការធ្វើបុណ្យបានពេញបរិបូណ៌នេះ គឺដោយសារប្រទេសជាតិមានសន្តិភាព មានសុវត្ថិភាព ដូច្នេះសូមឱ្យបងប្អូនថែរក្សានូវសន្តិភាពនេះឱ្យបានយូរអង្វែង។

លោក សុខ លូ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយខិតខំបង្កបង្កើនផលនៅពេលរដូវសម្រកទៅវិញ ដើម្បីឲ្យជីវភាពគ្រួសារមានការកើនឡើង។ នៅរដូវភ្ជុំបិណ្ឌនេះមានទឹកជំនន់កើតឡើងនៅក្នុងស្រុកប្រាសាទសំបូរ ដូច្នេះសូមឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះកុមារតូចៗ ក៏ដូចជាចាស់ជរា សូមឲ្យរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យធ្វើឲ្យសុខភាពកាន់តែប្រសើរ ហើយមួយវិញទៀត លោកក៏បានជំរុញដល់បងប្អូនទាំងអស់ ត្រូវមានសាមគ្គីភាពគ្នាល្អ។

សូមបញ្ជាក់ថា ចំពោះទេយ្យទាន ដែលបានប្រគេនដល់ព្រះសង្ឃរួមមាន៖ សាដក មី ទឹកសុទ្ធ ទឹកក្រូច អង្ករ ស្ករស ផ្លែឈើ ត្រីខកំប៉ុង ទឹកដោះគោ បច្ច័យសម្រាប់ប្រគេនព្រះសង្ឃ តាជី ដូនជី និងបច្ច័យមួយចំនួនសម្រាប់កសាងនៅក្នុងវត្ត និងលោកយាយ លោកតា ម្នាក់ៗទទួលបានក្រណាត់សរមួយដុំ ថវិកា១០,០០០ រៀល៕