(ភ្នំពេញ)៖ មេរដ្ឋប្រហារ និងអ្នករួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងប្រឆាំងព្រះរាជបល្ល័ង្គ ប្រឆាំងរបបរាជានិយម កំពុងតែទ័លច្រកខ្លាំង ខណៈផែនការរដ្ឋប្រហាររបស់ពួកគេជ្រកក្រោមស្លាកនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបកអាក្រាត និងវាយបំបែក។ ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាផែនការធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនានិងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ នឹងត្រូវផ្តន្ទាទោសតាមមាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមក្បត់ជាតិទាំងនេះកំពុងតែភ័យស្លន់ស្លោរ ចំពោះវិធានការច្បាប់តឹងរ៉ឹងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សាសុខសន្តិភាព ការពារព្រះរាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការអភិវឌ្ឍ ការពារដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលកំពុងមាននៅកម្ពុជា។ ការណ៍នេះបានធ្វើឱ្យ សម រង្ស៊ី មេរដ្ឋប្រហារនិងសហចារី រួមមានភរិយារបស់ខ្លួន ជូឡុង សូមួរ៉ា អេង ឆៃអ៊ាង មូរ សុខហួរ ហូរ វ៉ាន់ ឡុង រី នុត រំដួល អ៊ូ ច័ន្ទរិទ្ធ សង្ឃ ប៊ុត ប៊ុនតិញជាដើមបាត់បង់ម្ចាស់ការ បែកហ្សឺ បាត់បង់ការគាំទ្រទាំងក្នុងមជ្ឈដ្ឋានជាតិ និងសហគមន៍អន្តរជាតិ ហើយកំពុងតែប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរបំផុត រំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញដែលមិនអាចអត់ឱន លើកលែងបានឡើយ។

ភាពភ័យស្លន់ស្លោរនិងភាពទ័លច្រកនេះបានធ្វើឱ្យ សម រង្ស៊ី និងគូកនបាត់ភាពម្ចាស់ការ។ ដំបូងឡើយ សម រង្ស៊ី ប្រកាសថា នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីមកផ្លាស់ប្តូររបបដឹកនាំ មកកម្ពុជាដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងតំណែងដោយការបោះឆ្នោត មិនមែនមក កម្ពុជាដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន ចាប់ខ្លួនឡើយ។ ក្រោយមកទៀត សម រង្ស៊ី ថាមកកម្ពុជាដើម្បីផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ដោយអំពាវនាវឱ្យ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាល និងមិនត្រូវចរចាជាមួយរដ្ឋាភិបាលបច្ចុប្បន្នឡើយ។

ប៉ុន្តែជាមួយគ្នានេះ សម រង្ស៊ី បានសរសេរលិខិតទៅកាន់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូហាធៀ មហាម៉េដ ដើម្បីជួយសម្របសម្រួលនយោបាយ បង្កើតឱ្យមានការចេរចា។ មិនបានប៉ុន្មាន សម រង្ស៊ី បានបើកយុទ្ធនាការប្រមាថព្រះចេស្តា ព្រះមហាក្សត្រខ្មែរ ដែលធ្លាប់ឡាយព្រះហស្ថលេខា លើកលែងទោសឱ្យខ្លួនពីរដងរួចមកហើយ។ កាលពីថ្ងៃទី១៧ កន្លងទៅនេះ ក្រោយពីផែនការរដ្ឋប្រហារត្រូវបានបែកធ្លាយ សម រង្ស៊ី ប្រធាន បែរជាអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជួយធានាយ៉ាងណាឱ្យដំណើរមាតុភូមិនិវត្តន៍របស់ក្រុមខ្លួន និងត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចសន្ទនា និងការការផ្សះផ្សាជាតិ។

តើអ្វីដែលជនក្បត់ជាតិ សម រង្ស៊ី ចង់បានឱ្យប្រាកដ? ហេតុអ្វីបានជា សម រង្ស៊ី ឆ្លេឆ្លាចុះឡើងយ៉ាងដូច្នេះ?

សម រង្ស៊ី និងបក្ខពួកគឺជាក្រុមអ្នកនយោបាយអង្ករកំប៉ុង ធ្វើអ្វីៗសម្រាប់រស់តែមួយថ្ងៃៗ គ្មានផែនការ គ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងធ្វើនយោបាយតាមការ ស្រមើស្រម៉ៃ នឹកឃើញតាមចិត្តចង់ ឬសម្រេចចិត្ត និងនិយាយស្តីតាមកំហឹងបុគ្គល និងជាអ្នកនយោបាយស៊ីអារម្មណ៍។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយមាន់សម្លរ កំសាកញីនិងជាអ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ដោយយកឈាមអ្នកគាំទ្រខ្លួនក្រាល ជាកម្រាលព្រំ ដើម្បីដើរឈានមករកអំណាច ដោយមិនខ្វល់ថា នរណារងគ្រោះនរណារងទុក្ខ នរណាព្រាត់ប្រាស់បងប្អូនកូនចៅនោះឡើយ។

តើកម្ពុជាអាចឱ្យវាសនារបស់ខ្លួនធ្លាក់ទៅក្នុងដៃរបស់ជនក្បត់ជាតិ ក្បត់ ព្រះមហាក្សត្រ ប្រឆាំងរបបរាជានិយមដូច សម រង្ស៊ី នេះបានដែរឬទេ? សម រង្ស៊ី មិនដែលធ្វើការ សុំទោសណាមួយ សូម្បីតែមួយម៉ាត់ចំពោះកំហុសនយោបាយរបស់ខ្លួន ហើយក៏មិនបានសុំទោសមួយម៉ាត់ចំពោះក្រុមគ្រួសារជនរងគ្រោះដោយសារតែដើរតាម នយោបាយរបស់ខ្លួន។ ប៉ុន្តែ សម រង្ស៊ី ពិតជាសប្បាយរីករាយ ក្នុងការធ្វើអាជីវកម្មលើទុក្ខសោករបស់ សកម្មជនខ្លួន និងទាញចំណេញនយោបាយសម្រាប់ក្រុមខ្លួន និងបក្ខពួក។ ឈាមប្រជាពលរដ្ឋខ្មែរហូរកាន់តែច្រើនពេលណា សម រង្ស៊ី កាន់តែទាញចំណេញនយោបាយ បានច្រើនពេលនោះ។

សម រង្ស៊ី គឺជាឃាតកឈាមត្រជាក់ ដែលបានទាញចំណេញពីការរងទុក្ខរបស់សកម្មជនខ្លួន។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី មិនញញើតនៅក្នុងការបង្កចលាចល បំផ្លិចបំផ្លាញកេរ្តិ៍ឈ្មោះខ្មែរ និងបំផ្លាញកម្ពុជាទាំងមូលឡើយ។

នៅពេលនេះ សម រង្ស៊ី បាននិងកំពុងញុះញង់បំផុសបំផុលបោកបញ្ឆោតពលរដ្ឋខ្មែរ ឱ្យចូលទៅក្នុងផែនការរដ្ឋប្រហាររបស់ខ្លួន ហើយទាញកម្ពុជាធ្លាក់ទៅក្នុងជម្លោះ ភូមិសាស្ត្រនយោបាយរបស់មហាអំណាច ហើយ សម រង្ស៊ី ខ្លួនឯងផ្ទាល់រួមនឹងក្រុមជនក្បត់ជាតិ បានលត់ជង្គង់អង្វរបរទេសឱ្យគាបសង្កត់ខ្មែរ ដាក់ទណ្ឌកម្មលើកម្ពុជា។ ស្ថានភាពរបៀបនេះ កម្ពុជាឆ្លងកាត់រួចមកហើយកាលពីអតីតកាលគឺសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតនកោដ្ឋ និងទាញកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមឥណ្ឌូចិន បានធ្វើឱ្យកម្ពុជារងគ្រោះ ដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកប្រមាណ ៣លានតោន មកលើក្បាលប្រជាពលរដ្ឋខ្មែរ នាំឱ្យកើតមាននូវឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ខ្មែរក្រហម ធ្វើឱ្យកម្ពុជារងគ្រោះក្នុងសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរជិត ៣ ទសវត្សរ៍។

សម រង្ស៊ី ជាកញ្ជះបរទេសដាច់ថ្លៃដូច សម សារី ខ្មោចឪរបស់ខ្លួន និងមានជឿបរទេសងប់ងុលដូច លន់ នល់ និងព្រះ អង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលចុងក្រោយបង្ហាញនូវវប្បដិសារីដែលជឿលើមិត្តអាមេរិកខ្លាំងពេក។ នេះជាមេរៀនប្រវត្តិសាស្តដែលប្រជាជនខ្មែរគ្រប់រូបបានដឹង។ សម រង្ស៊ី ក៏មាននយោបាយបំផ្លាញជាតិឯង និងមានចរិតអត្តនោម័តមិនខ្វល់នរណាទាំងអស់ដូចមេស្ថាបនិកនៃរបបខ្មែរក្រហម ប៉ុល ពត។

ដោយសារតែចរិតនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននេះហើយ ដែលធ្វើឱ្យសម រង្ស៊ី បរាជ័យជារៀងរហូត ចូលរួមបោះឆ្នោតមិនដែលឈ្នះ ដាក់ចុះនូវយុទ្ធសាស្ត្រនយោបាយខ្វះការពិត ប្រើសម្តីហិង្សាបំពានដៃគូនយោបាយនិងចុងក្រោយថែមទាំងប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការរបស់ ប្រជាពលរដ្ឋខ្មែរថែមទៀតផង។ ការណ៍នេះបានធ្វើឱ្យ សម រង្ស៊ី បរាជ័យជារៀងរហូត និងប្រឈមមុខនឹងច្បាប់ដែលរហូតមកទល់នឹងពេលនេះ សម រង្ស៊ី កំពុងតែជាប់ក្នុងសំណុំរឿងចំនួន១៤ នៅចំពោះមុខតុលាការ។

ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋនៅក្នុងស្រុក និងសហគមន៍អន្តរជាតិមិនចាប់អារម្មណ៍ចំពោះ ការអំពាវនាវរបស់ សម រង្ស៊ី និងមិនបង្ហាញការគាំទ្រចំពោះ អ្វីដែលក្រុមជនក្បត់ជាតិនេះបានលើកឡើងទេ ហើយពួកគេថែមទាំងថ្កោលទោសចំពោះទង្វើដ៏ល្ងង់ខ្លៅរបស់សម រង្ស៊ី និងបក្សពួកថែមទៀត ដោយលើក ឡើងថាកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ មានសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្ស មិនដូចអ្វីដែលក្រុមជនក្បត់ជាតិស្រែកមកពីក្រៅប្រទេសនោះទេ។

សរុបមកវិញ ដោយសារតែភាពគ្មានការទទួលខុសត្រូវពិតប្រាកដ និងបំពានច្បាប់សព្វបែបយ៉ាង ធ្វើនយោបាយតាមបែបស៊ីអារម្មណ៍នេះហើយ ដែលធ្វើឱ្យពលរដ្ឋខ្មែរដែលដើរតាមខ្លួនរងគ្រោះដែលធ្វើឱ្យ

អ្នកខ្លះត្រូវជាប់ពន្ធនាគារ រត់ចោលស្រុកក៏ព្រោះតែធ្វើទាំងងងឹតងងុលតាមការញុះញង់ អុជអាលរបស់មេរដ្ឋប្រហារ សម រង្ស៊ី នេះ។ ផែនការជាបន្តបន្ទាប់ដែលក្រុមឧទ្ទាមខុសច្បាប់បានរៀបចំ ក្រោមលេសទៅទទួលទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាផែនការរដ្ឋប្រហារ ដែលជាបទល្មើសធ្ងន់ធ្ងរបំផុត ហើយអាជ្ញាធរមានសមត្ថកិច្ចត្រៀមខ្លួនរួចជាស្រេចចាត់វិធានការច្បាប់គ្រប់ពេល ហើយគ្រប់ទីកន្លែង។

រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិទាំងនេះបង្កព្យុះភ្លៀង អសន្តិសុខចំពោះជាតិបានឡើយ ព្រោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូច បំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍ ដែលកំពុងតែមាននេះបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ បញ្ជាម៉ឺងម៉ាត់រួចមកហើយថា «ងើបមួយ បង្ក្រាបមួយ ងើបពីរ បង្ក្រាបពីរ មិនត្រូវអនុញ្ញាតឱ្យក្រុមក្បត់ជាតិបំផ្លាញកម្ពុជាបានឡើយ»

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩