(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់ដឹងទូលំទូលាយពីតារាងតំលៃ និង ការផ្តល់សេវាសាធារណៈនៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ។

យុទ្ធនាការផ្សព្វផ្សាយនេះ បានធ្វើឡើងព្រមគ្នារវាងមូលដ្ឋានសង្កាត់ទាំង៨ ដោយក្រុមការងារតាមសង្កាត់និមួយៗបានដើរចែកតារាងតំលៃនៃសេវាកម្មតាមផ្នែកនិមួយៗ របស់ការិយាល័យច្រកចេញចូលតែមួយ។

នៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌច្បារអំពៅ បានផ្តល់សេវាលើវិស័យចំនួន១២រួមមាន៖ ការងារនីត្យានុកូលកម្ម, ការងារអត្រានុកូលដ្ឋាន, វិស័យសុរិយោដី, វិស័យវប្បធ៌ម និង វិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និង កីឡា, វិស័យទេសចរណ៍,វិស័យសំណង់, វិស័យឧស្សាហកម្ម រ៉ែ និង ថាមពល, វិស័យពាណិជ្ជកម្ម, វិស័យសុខាភិបាល,វិស័យសាធារណៈការ និងដឹកជញ្ជូន, និងវិស័យកសិកម្ម។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្នុងយុទ្ធនាការនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងបានកាន់តែទូលំទូលាយអំពីតំលៃ នៃការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ នឹងចៀសវាងការពឹងពាក់អ្នករត់ការ ដែលគេយកតំលៃលើសពីនេះ។ នៅក្នុងខិតប័ណ្ណផ្សព្វផ្សាយនេះ ក៏មានដាក់លេខទូរស័ព្ទរបស់ការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដើម្បីអោយប្រជាពលរដ្ឋបានទំនាក់ទំនងផ្ទាល់ បើសិនជាពួកគាត់មិនយល់ ឬចង់ដឹងពីប្រការណាមួយនោះ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា៖ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងខិតខំក្នុងការអនុវត្តកំណែទំរង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរដ្ឋបាលសាធារណៈ កាន់តែមានភាពឆ្លើយតបប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល និងជំនឿទុកចិត្ត ហើយលើកកំពស់វប្បធ៌មសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈមន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអ្នកផ្តល់សេវាសាធារណៈដ៍មានប្រសិទ្ធភាព និងបំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង៕