(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រកាសដាក់ឱ្យអនុវត្ត ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល ជំនាញទេសចរណ៍អនឡាញ «E-Certificate» ដើម្បីងាយស្រួលគ្រប់គ្រង ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបង្កើនគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឱ្យកាន់តែប្រសើរ ដែលអាចជឿជាក់បាន។

ពិធីប្រកាសឱ្យអនុវត្តប្រព័ន្ធ E-Certificate ខាងលើនេះ ធ្វើឡើងដោយអមជាមួយ ពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំង «អ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១» ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។

អ្វីទៅជា E-Certificate? បើតាមលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានពន្យល់ថា ប្រព័ន្ធ E-Certificate គឺជាប្រព័ន្ធគ្រប់គ្រងឆ្លាតវៃមួយ ធ្វើឡើងតាមបច្ចេកវិទ្យាឌីជីថល ដែលចូលរួមពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍។

ដើមចមនៃការបង្កើតប្រព័ន្ធ E-Certificate នេះឡើង គឺដោយសារកន្លងមក ក្រសួងទេសចរណ៍ និងសាលាដែលជាដៃគូបណ្ដុះបណ្ដាលរបស់ខ្លួន បានសហការគ្នាបណ្ដុះបណ្ដាលសិក្ខាកាម និងអ្នកជំនាញទេសចរណ៍ ជាបណ្ដើរៗមកហើយ ប៉ុន្តែគ្រាន់តែការបណ្ដុះបណ្ដាលនោះមិនទាន់ មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ និងមានការមិនទុកចិត្ត ពីសំណាក់អ្នកទទួលសេវាកម្មមួយចំនួន ដូចជាការមិនទុកចិត្តលើវិញ្ញាបនបត្រខ្លះថាអាចក្លែងក្លាយ ឬមានការបន្លំជាដើម ទើបក្រសួងទេសចរណ៍រៀបចំយន្តការថ្មី ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល និងផ្ដល់វិញ្ញាបនបត្រប្រកបដោយភាពជឿជាក់ នោះគឺប្រព័ន្ធ E-Certificate នេះឯង។

លោក ណេប សាមុត បានអះអាងថា ប្រព័ន្ធ E-Certificate នឹងជួយគ្រប់គ្រងទិន្នន័យអ្នកជំនាញទេសចរណ៍ កម្រិតនៃការបណ្ដុះបណ្ដាល ក៏ដូចជាគ្រប់គ្រងការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍បានយ៉ាងត្រឹមត្រូវ ធានាបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្មទេសចរណ៍កាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ថា នៅលើសញ្ញាបត្រ ឬវិញ្ញាបនបត្ររបស់សិក្ខាកាម ដែលឆ្លងកាត់ការបណ្ដុះបណ្ដាលពីក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍ ឬសាលាជាដៃគូរបស់ក្រសួងទេសចរណ៍ នឹងមានភ្ជាប់ជាមួយសញ្ញា QR-Code ដែលអ្នកទទួលសេវាគ្រាន់តែស្កេន QR-Code តាមរយៈទូរស័ព្ទដៃរបស់ខ្លួន គេនឹងដឹងពីព័ត៌មានផ្សេងៗរបស់ម្ចាស់វិញ្ញាបនបត្រនោះ ប្រកបដោយសង្គតិភាព។

លោកអគ្គនាយកបានបន្ថែមថា មានសាកលវិទ្យាល័យ និងសាលាចំនួន១៨ បានស្ម័គ្រចិត្តចូលរួមអនុវត្តការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈប្រព័ន្ធ E-Certificate នេះ ហើយសៀវភៅណែនាំស្ដីពី ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍អនឡាញ «E-Certificate» នេះ ក៏ត្រូវបានប្រគល់ជូនមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត និងសាលាទាំង១៨នោះផងដែរ។

ថ្លែងទៅកាន់អង្គពិធី លោក ជា បូរ៉ា បានឱ្យដឹងថា ការដាក់ចេញប្រព័ន្ធ E-Certificate System របស់ក្រសួងទេសចរណ៍នៅពេលនេះ គឺជាការឆ្លើយតបទាន់ពេលវេលា និងបង្ហាញពីការគាំទ្រជំរុញបន្ថែមទៀតនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារ សំដៅសម្រួលដល់កិច្ចសហការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍រវាងក្រសួងទេសចរណ៍ និងដៃគូបណ្តុះបណ្តាលឱ្យមានប្រសិទ្ធភាព និងពង្រឹងការគ្រប់គ្រងទិន្នន័យនៃគ្រឹះស្ថានបណ្តុះបណ្តាល ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលសិក្ខាកាមចូលរួម និងវិញ្ញាបនបត្រដែលចេញរួមគ្នា ឱ្យកាន់តែប្រសើរឡើង ជួយពន្លឿនការងាររដ្ឋបាល ការរក្សាទិន្នន័យបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ ការកសាងស្ថិតិ និងការត្រួតពិនិត្យការបណ្តុះបណ្តាលជំនាញឱ្យប្រព្រឹត្តទៅបានដោយរលូន។

ដើម្បីផ្តល់ជាគំនិតក្នុងការធ្វើសមាហរណកម្មរវាងបច្ចេកវិទ្យា ក្នុងបរិបទឧស្សាហកម្ម ៤.០ និងយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យបាននៅឆ្នាំ២០២៥ និងការសិក្សាពេញមួយជីវិតនៅឆ្នាំ២០៣០ សម្រាប់យុវជនកម្ពុជានៅក្នុងវិស័យទេសចរណ៍ លោក ជា បូរ៉ា បានលើកសំណើមួយចំនួន៖

១៖ ស្នើក្រុមការងារបច្ចេកទេសត្រូវបន្តរៀបចំឱ្យប្រព័ន្ធ E-Certificate នេះ ក្លាយជាកន្លែងផ្គូរផ្គងរវាងជំនាញដែលបានបណ្តុះបណ្តាល ទៅនឹងតម្រូវការទីផ្សារការងារក្នុងវិស័យទេសចរណ៍។

២៖ ស្នើឱ្យភាគីពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ ពិសេសសាលាវិជ្ជាជីវៈទេសចរណ៍ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ទាំងអស់ ដោយចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ E-Certificate ឱ្យបានគ្រប់ៗគ្នា ដើម្បីប្រសិទ្ធភាពការងារ ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។

៣៖ ស្នើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍បន្តគាំទ្រពង្រឹងសមត្ថភាពបុគ្គលិក លើជំនាញទេសចរណ៍ និងសម្រួលឱ្យបុគ្គលិកខ្លួនបានចូលរួមចលនាប្រឡងប្រណាំង «អ្នកជំនាញទេសចរណ៍ឆ្នើមលើកទី១» ឱ្យបានផុលផុស សំដៅចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព៕