(ភ្នំពេញ)៖ លោក ហាស់ វ៉ារី ទីបឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំក្រុមការងារ អញ្ជើញទៅប្រារព្ធពិធីកាន់បិណ្ឌ នៅវត្តអូរគ្រៀត ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ពិធីកាន់បិណ្ឌនេះ ធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានបូជាជីវិត រំដោះជាតិមាតុភូមិកម្ពុជា នាពេលកន្លងមកនេះ។

នៅក្នុងឱកាសនោះ លោកហាស់ វ៉ារី បាននាំថវិកាចំនួន១ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយប្រាក់៥ពាន់ដុល្លារ របស់ភរិយាលោក កៃ ចាន់ ដែលបានរួមវិភាគទានសំរាប់ជីកស្រះទឹក ប្រគេនជូនព្រះសង្ឃ ទុកជូនពុទ្ធបរិស័ទ វត្តអូរគ្រៀត ឃុំគា ស្រុកមោងឫស្សីប្រើប្រាស់តទៅថ្ងៃអនាគត។

បន្ថែមពីលើនេះ លោក ហាស់ វ៉ារី ក៏បានចំណាយប្រាក់២លាន៤សែនរៀល ចាត់ចែងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ២៤អង្គ គង់នៅវត្តអូរគ្រៀត និងពុទ្ធបរិស័ទចំណុះជើងវត្ត ពិសារជួបជុំគ្នាផងក្នុងថ្ងៃកាន់វេនបិណ្ឌ។

ព្រមជាមួយនោះលោក ហាស់ វ៉ារី បានប្រគេនបច្ច័យ ចំពោះព្រះសង្ឃ២៤អង្គ ក្នុងមួយអង្គៗ៦ម៉ឺនរៀល និងសៀវភៅធម្មទានពីរៗក្បាល ចែកជូនពុទ្ធបរិស័ទនៅឱកាសនោះចំនួន១៥០នាក់ ដោយម្នាក់ៗទទួលបានប្រាក់២ម៉ឺនរៀល និងសៀវភៅធម្មទានពីរក្បាលផងដែរ។

លោកហាស់ វ៉ារី បានប្រគេនបច្ច័យ ចំពោះព្រះចៅអធិការវត្តអូរគ្រៀតចំនួន១លានរៀល ឧបត្ថម្ភជូន លោក ង៉ែត សុវណ្ណារ៉ាន់ នូវប្រាក់១លានរៀល ជូនដល់ឧបាសិកា សុង ខៅ ចំនួន១លានរៀល និងចូលជាបច្ច័យកសាងវត្តចំនួន២លានរៀលផ្សេងទៀត។

គួរបញ្ជាក់ថា ក្នុងរយ:ពេលកន្លងទៅ លោក ហាស់ វ៉ារី បានចំណាយប្រាក់១២លានរៀល ចាក់ក្រាលបេតុង ក្នុងបរិវេណវត្ត និងចេញចំណាយថ្លៃប្រើប្រាស់អគ្គិសនី នៅវត្តនេះផងដែរ៕