(ត្បូងឃ្មុំ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងថា ប្រភពធនធានធម្មជាតិ មានសារៈសំខាន់ណាស់ ដែលទាមទារឲ្យមានការចូលរួមការអភិវឌ្ឍន៍ ការដាំដុះកូនឈើឡើងវិញ ចេះស្រឡាញ់ធនធានធម្មជាតិ ជាពិសេសគឺកិច្ចការពារ និងការអភិរក្សបរិស្ថានទាំងអស់គ្នា។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក មែ ស៊ីថុន ដឹកនាំក្រុមការងារ ចុះចែកសម្ភារសិក្សា និងដាំកូនឈើ នៅវត្តឈូក ស្ថិតនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំផងដែរ។

លោក មែ ស៊ីថុន បានគូសបញ្ជាក់ថា ពាក់ព័ន្ធសកម្មភាព របស់គ្រួសារសមាគម បានបង្កើតនូវផែនការយ៉ាងច្បាស់លាស់ អំពីការអភិវឌ្ឍន៍នៅក្នុងសមាគម ដូចជា ការជួយទៅដល់ជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសការចូលរួមជាមួយសង្គម ដែលជាចំណែកនៃកម្លាំងចលករមួយ នៃការចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកបានបញ្ជាក់ថា ជាក់ស្តែងការចូលរួមដាំកូនឈើនៅពេលនេះ សមាគមមានគោលបំណង ជួយលើកកម្ពស់ការអភិវឌ្ឍន៍នៅក្នុងសង្គម តាមរយៈការចូលរួមស្រឡាញ់បរិស្ថាន និងជាបង្ហាញឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស មានការយល់ដឹងបន្ថែម ដើម្បីចូលរួមការពារ, ចេះស្រឡាញ់, និងថែរក្សាបរិស្ថាន នៅក្នុងសហគមន៍របស់ខ្លួន។

«ជាពិសេស ការចូលរួមការពារទាំងអស់គ្នា នៅលើទំនួលខុសត្រូវ គឺកិច្ចការពារ និងការអភិរក្សបរិស្ថានស្រុកយើង ខណៈបញ្ហាបំរែបម្រួលអាកាសធាតុ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទីមួយថ្ងៃ»។ នេះជាការបញ្ជាក់បន្ថែម របស់សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា។

ក្នុងឱកាសនោះ លោក ពាង ណារិទ្ធ បានថ្លែងនូវការកោតសសើរយ៉ាងកក់ក្តៅ ចំពោះសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ដែលបានរៀបចំគម្រោងផែនការ ចូលរួមដាំកូនឈើ មកដល់មូលដ្ឋាន ព្រោះការដាំកូនឈើ វានឹងផ្តល់ផលប្រយោជន៍មកឲ្យយើងវិញដូចជា បានជាម្លប់សម្រាប់សិស្សានុសិស្សអង្គុយរៀនសូត្រ ជាពិសេសការបង្ហាញជាគំរូដ៏ល្អ ក្នុងការជួយបំផុសស្មារតី យល់ដឹង ដល់សិក្សានុសិស្ស នៅក្រៅប្រព័ន្ធអប់រំបន្ថែម។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ព្រមទាំងនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល សូមចូលរួមប្រកបដោយស្មារតី នៃការចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដុះកូនឈើ ព្រោះព្រៃឈើ ជាសម្បត្តិធនធាន ធម្មជាតិដ៍សំខាន់ មិនត្រឹមតែជួយទ្រទ្រង់មនុស្ស និងសត្វប៉ុណ្ណោះទេ ថែមទាំងសោភ័ណភាពស្រស់បំព្រង ជាពិសេសផ្តល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ និងជាមរតកសម្រាប់កូនចៅ ជំនាន់ក្រោយៗ។

សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានចូលរួមដាំកូនឈើរមាន ក្រញ៉ូង បេង និងកូនឈើធ្នង់ ប្រមាណចំនួនជាង១,២០០ដើម ក្នុងនោះ បានធ្វើការដាំដុះនៅអនុវិទ្យាល័យ មណ្ឌលសុខភាព និងក្នុងវត្តអារាម នៅក្នុងឃុំឈូក ព្រមទាំងបាននាំយកសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្ស ប្រមាណជាង៤០០នាក់ និងជូនកាដូ ដល់លោកគ្រូ-អ្នកគ្រូ និងលោកពូ-អ្នកមីង និងអាជ្ញាធរមូលដ្ឋានផងដែរ៕