(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត ដល់សិស្សនិទ្ទេស A នៃសាលាអន្តរជាតិ វេស្ទលែនដ៍ សាលាបានឧបត្ថម្ភ និងរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅប្រទេសសិង្ហបុរី នៅសាកលវិទ្យាល័យដៃគូ របស់សាលាអន្តរជាតិ វេស្ទលែនដ៍ រយៈពេល៤ថ្ងៃ ដើម្បីដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍សិក្សា នៅថ្នាក់សាកលវិទ្យាល័យ ជាមួយទឹកប្រាក់ចំនួន២លានរៀល ក្នុងសិស្សម្នាក់ និងសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ដោយឥតគិតថ្លៃ ៤ត្រីមាស។

ចំពោះសិស្សនិទ្ទេស B ចំនួន៦នាក់ សាលាឧបត្ថម្ភក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់១លានរៀល និងការសិក្សាភាសាអង់គ្លេសក្រៅម៉ោង ដោយឥតគិតថ្លៃរយៈពេល៤ត្រីមាស។ ចំណែកឯសិស្សនិទ្ទេស C D និង E និងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ លើការសិក្សាភាសាអង់គ្លេសក្រៅម៉ោង ពេញមួយឆ្នាំផងដែរ។ លើសពីនេះទៅទៀត ដើម្បីជាការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត និងការតបស្នងដល់លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សាលាឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល ជូនដល់លោកគ្រូ-អ្នកគ្រូ តាមមុខវិជ្ជាដែលមានសិស្ស ទទួលបាននិទ្ទេស A ចាប់ពី ៣នាក់ឡើងទៅ។

លោក ថន សុកលីម នាយកប្រតិបត្តិនៃសាលាអន្តរជាតិ វេស្ទលែនដ៍ បានថ្លែងថា «ជំនួសមុខឲ្យគណៈនាយក គណៈគ្រប់គ្រង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាព យ៉ាងក្រៃលែង ចំពោះលទ្ធផលដែលយើងទទួលបាន»។ លោកនាយក បានបន្តថា «លទ្ធផលដ៏ល្អនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា រួមមានគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ មាតាបិតា-អ្នកអាណាព្យាបាលសិស្ស សាមីសិស្ស និងសង្គម។ ប្រសិនបើគ្មានការចូលរួមចំណែកណាមួយទេ សិស្សក៏មិនអាចប្រឡងជាប់ជាស្ថាពរ ១០០ភាគរយ និងទទួលបាននិទ្ទេសល្អនោះដែរ»

លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិ វេស្ទលែនដ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងការបង្រៀន និងអប់រំសិស្សឲ្យទទួល បានចំណេះដឹងពិតប្រាកដ មានវិន័យល្អ សីលធម៌ល្អ និងអប់រំសិស្សឲ្យក្លាយជាពលរដ្ឋល្អ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើង។ បន្ថែមពីនេះទៀត លោកនាយកបានជូនពរប្អូនៗ ដែលទទួលបាននិទ្ទេស A និងប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិ វេស្ទលែនដ៍ទាំងអស់ឲ្យមានសុខភាពល្អ និង ទទួលបានជោគជ័យក្នុងការសិក្សាក្នុងឆ្នាំសិក្សាបន្ទាប់។

ទន្ទឹមនឹងនេះដែរ លោក ថន សុកលីម បានផ្តាំផ្ញើដល់ប្អូនប្រឡងធ្លាក់ថា សម្រាប់ប្អូនៗដែលធ្វើមិនបានល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំបាក់ទឹកចិត្ត និងអស់សង្ឃឹម ពីព្រោះលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាការវាស់ស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនជាការបញ្ចប់អនាគតរបស់ប្អូនៗនោះទេ។ អនាគតរបស់ប្អូនៗ នៅវែងឆ្ងាយទៅមុខទៀត ដូច្នេះសូមប្អូនៗខិតខំប្រឹងដើម្បីខ្លួនឯង ក៏ដូចជាដើម្បីគ្រួសារផងដែរ។

គូសបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងពីសាលា និងការយកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រកបដោយឆន្ទៈខ្ពស់ តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា សិស្សថ្នាក់ទី១២ នៃសាលាអន្តរជាតិ វេស្ទលែនដ៍ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ទាំងអស់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាស្ថាពរ ១០០ភាគរយ និងទទួលបាននិទ្ទេស A ចំនួន៣នាក់។

សាលាអន្តរជាតិ វេស្ទលែនដ៍ គឺជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ២១៧២ អយកប្រក ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១១ មានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបើកដំណើរការ កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងថ្នាក់ភាសាអង់គ្លេសទូទៅ៕