(ព្រះសីហនុ)៖ មនុស្សប្រុសស្រីចំនួន ០៥នាក់ រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តធន់ធំម៉ាកហ៊ីយ៉ាន់ដាយ បុករថយន្ដម៉ាកសាំយ៉ុងលើផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៦ ល្ងាចនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមន្ត្រីនគរបាលមូលដ្ឋានស្រុកកំពុងសិលាបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសាររថយន្តធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ព្រះសីហនុ 3A-8169 ក្នុងទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ បុករថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ2A-4804 បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស០៤នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាលផងដែរ។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថា៖ អ្នកបើកបររថយន្តសាំយ៉ុង ភេទប្រុស(របួសធ្ងន់) ពុំទាន់ស្គាល់អត្តសញ្ញាណ, ឈ្មោះ ឆៃ ដានី ភេទស្រី អាយុ ២៤ឆ្នាំ (របួសធ្ងន់)មានទីលំនៅខេត្តកំពង់ចាម, ឈ្មោះ មិល ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ(របួសធ្ងន់)ទីលំនៅខេត្តកំពង់ចាម, ឈ្មោះ អ៊ឹម ស្រីណូ ភេទស្រី អាយុ ២៨ឆ្នាំ (របួសធ្ងន់)ទីលំនៅខេត្តកំពង់ស្ពឺ, ឈ្មោះ ស្រិន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ(របួសស្រាល) ទីលំនៅខេត្តកំពង់ចាម និងអ្នកបើក បររថយន្តបង្កហេតុខាងលើបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកសហជាមួយកម្លាំងអាវុធហត្ថស្រុកបានបញ្ជូនជនរងគ្រោះ០៥នាក់ខាងលើមកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់សិលាខេត្តព្រះសីហនុ ខណៈវត្ថុតាងរថយន្តទាំងពីត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាល
ស្រុកកំពង់សិលាខេត្តព្រះសីហនុ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕