(ភ្នំពេញ)៖ ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ឲ្យបានខ្លាំងក្លាថែមទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឆែក នៅក្នុងខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

ដំណឹងនេះត្រូវបានបញ្ជាក់ឡើងនៅក្នុងជំនួប រវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយលោក Marek Libricky ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមការប្រកាស របស់ក្រសួងការបរទេសកម្ពុជា។

យោងតាមការប្រកាសព័ត៌មាននេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងឆែក ដែលមានតាំងពីទស្សវត៍ទី៥០ កន្លងមក ដែលនៅពេលនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមចំណែកបង្កើតឡើង និងពង្រឹងពង្រីកទំនាក់ទំនងនេះជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ។ ទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានបន្តជំរុញធ្វើឲ្យកាន់តែស៉ីជម្រៅ និងជិតស្និទ្ធបន្ថែមទៀត។

លោកបានរំលឹកផងដែរថា កម្ពុជាចងចាំមិនភ្លេចចំពោះការជួយឧបត្តម្ភ គាំទ្ររបស់សាធារណរដ្ឋឆែក នៅក្នុងទស្សវត៍ទី៨០ ក្នុងពេលដែលកម្ពុជាជួបការលំបាក ក្រោយសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលកន្លងមក។

«ដើម្បីតភ្ជាប់ទំនាក់ទំនងនេះឲ្យបានខ្លាំងក្លាថែមទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក នៅក្នុងខែតុលា ខាងមុខនេះ»។ នេះបើតាមការប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបញ្ជាក់បន្ថែម។

លោកឯកអគ្គរដ្ឋទូតឆែក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឆែក។ លោកបានបញ្ជាក់ថា សាធារណរដ្ឋឆែកចាត់ទុកកម្ពុជាជាមិត្តដ៏ជិតស្និទ្ធ ហើយលោក នឹងខិតខំធ្វើយ៉ាងណា ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត និងមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសនៅក្នុងឱកាសទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅសាធារណរដ្ឋឆែកនាពេលខាងមុខនេះ៕