(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលេខាធិការដ្ឋានរៀបចំមហាសន្និបាតរបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង (AIMF) លើកទី៣៩ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារបច្ចុប្បន្នភាពដើម្បីត្រៀមឆ្ពោះ ទៅការរៀបចំមហាសន្និបាត AIMF លើកទី៣៩ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះយើងបានរៀបចំការងារបានមួយចំនួនធំហើយ ស្ដីពីវឌ្ឍនភាព នៃការងារត្រៀមរៀបចំនេះដែលនឹងមានតំណាងទីក្រុងចំនួន៣០៤ ចូលរួម។

លោកអភិបាល បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សា ផ្តល់យោបល់ឲ្យបានស៊ីជំរៅលើការងារដែលនៅសេសសល់ឲ្យបានរួចរាល់តាមការគ្រោងទុក។ កិច្ចពិភាក្សាក៏បានបង្ហាញពីពង្រាងកម្មវិធី សំរាប់កិច្ចប្រជុំ AIMF លើកទី៣៩ ដែលគ្រោងធ្វើនៅថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមប្រធានបទ «ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ»។ ជាមួយគ្នានេះ ក៏ស្របគ្នានឹងខួបលើកទី៤០ នៃការបង្កើតសមាគម AIMF នឹងស្របគ្នានៃខួបលើកទី៤០ របស់រាជធានីភ្នំពេញក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍។

សូមបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៏របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំងកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។ នេះជាឧិកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងដែលងើបចេញពី វាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍន៏រីចំរើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕