(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់ បានធ្លាក់ចុះសង្កត់លើប្រព័ន្ធសម្ពាធទាម ធ្វើភ្លៀងនៅតែបន្តធ្លាក់ តាមបណ្តារាជធានី-ខេត្តក្នុងកម្រិតពីមធ្យមទៅច្រើន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក បានឲ្យដឹងយ៉ាងដូច្នេះថា៖

១៖ នៅតាមបណ្តារាជធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន និងនៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក នៅថ្ងៃទី២៤-២៥ ភ្លៀងមានភាពរអាក់រអួលបន្តិចបន្តួច។
២៖ នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង អាចកើតមានឡើងចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩៕