(ភ្នំពេញ)៖ នៅយប់មិញនេះ ក្នុងរាជធានីភ្នំពេញយ៉ាងហោចណាស់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកទ្រូងផ្លូវ៥ករណី និងបុកដើមឈើ១ករណី តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ មិនមានអ្នករងរបួសទេ គ្រាន់តែខូចខាតយានយន្តប៉ុណ្ណោះ។

ករណីទី១៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8224 បើកក្នុងល្បឿនលឿន ដូចហោះតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះគេឃើញអ្នកបើករថយន្តខាងលើ បានរត់ចេញពីរថយន្តគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ករណីទី២៖ ស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA:3550 ចុះពីលើស្ពានអាកាសក្បាលថ្នល់លឿន ទៅបុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតរបាំងថ្ម ពីរផ្ទាំងយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតក្រឡាប់ផ្ងារជើងខ្ទេចមួយកំណាត់មុខ។ ភ្លាមៗនោះគេឃើញមានមនុស្សស្រី និងក្មេងៗបានបានចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ករណីទី៣៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Toyota Pajero ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8738 ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវម៉ៅសេទុង លុះមកដល់ចំណុចកែងផ្លូវ១៩៣ ក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតរបាំងថ្មមួយផ្ទាំង ចំណែកឯរថយន្តបង្កវិញបានព្យាយាមបើករត់បានចម្ងាយ២០០ម៉ែត្រ ទើបរថយន្ដទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

ករណីទី៤៖ បុរសម្នាក់បើករថយន្ត Toyota Highlander ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X:1181 តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងឆ្លងផ្លូវ ភ្លាមៗនោះបានគេចក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវ ចំជំហៀខាងឆ្វេងបណ្ដាលឲ្យរថយន្ត បែកកង់ទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ករណីទី៥៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6299 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវចំពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតរបាំងថ្មមួយផ្ទាំងឆ្លងផ្លូវម្ខាង។ ចំណែកឯរថយន្តវិញរងការខូចខាតដាច់កង់ម្ខាង និងខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្សកែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីទី៦៖ ស្រ្តីម្នាក់បើករថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5021បើកបរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលបុកដើមឈើចំពេញមួយទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតដាច់កង់ខាងស្ដាំ និងខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យរួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕