(ណាននីង, ចិន)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ពិព័រណ៍ចិន-អាស៊ានលើកទី១៦ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពថ្មីបន្ថែមទៀត សម្រាប់ផលិតផលរបស់កម្ពុជា។

ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយនានារបស់ចិន និងកម្ពុជា។ ពិព័រណ៍ចិន-អាស៊ាន ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់រដ្ឋបាលតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន ដែលបានរៀបចំលើកដំបូងនៅក្នុងឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើមរបស់លោក វិន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់។

ឆ្នាំ២០១៩នេះ កម្ពុជា បានដឹកនាំពាណិជ្ជករមកចូលរួមមានចំនួន ៩៩ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ១៤៥ស្តង់។ ក្នុងនោះស្តង់ផលិតផលកសិកម្មមានចំនួន ៤១ស្តង់ ស្មើ២៨%, សេវាកម្ម និងគម្រោងវិនិយោគ ២៨ស្តង់ ស្មើ១៩%, ម្ហូបអាហារ និងភេសជ្ជ: ២២ស្តង់ ស្មើ១៥%, សិប្បកម្ម ៣៥ស្តង់ ស្មើ២៤% និងផលិតផលវត្ថុអនុស្សាវរីយ៍ ចំនួន ១៩ស្តង់ ស្មើនឹង ១៣%។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា ពិព័រណ៍ចិន-អាស៊ាន ជាវេទិកាសេដ្ឋកិច្ចតំបន់ដ៏សំខាន់ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ ទំនាក់ទំនងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ វេទិកានេះ នឹងជួយជំរុញសហគមន៍អាស៊ាន និងចិន ឱ្យសម្រេចបាននូវចក្ខុវិស័យជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន នាឆ្នាំ២០៣០ខាងមុខ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាគីចិន និងអាស៊ាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកសាងសហគមន៍មួយសម្រាប់អនាគតរួមគ្នា។ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញា បន្តអនុវត្តន៍តាមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ដោយបន្ស៊ីជាមួយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩នេះ កម្ពុជា នឹងមានកាលានុវត្តភាពបន្ថែមទៀត ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសផលិតផលកសិកម្មដែលជាផលិតផលអាទិភាពរបស់កម្ពុជា ចូលទីផ្សារចិន និងអាស៊ាន៕