(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានរៀបចំដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល សម្រាប់ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទូទាំងប្រទេស។

សម្រាប់ដំណើរការប្រឡងនេះ ថ្នាក់ដឹកនាំខេត្ត​ ពិសេសអភិបាលខេត្តនីមួយៗ បានអញ្ជើញបើកកញ្ចប់វិញ្ញាសារផងដែរ ដោយសុទ្ធតែអះអាងថា ការប្រឡងនេះ គឺជាការប្រឡងប្រកបដោយតម្លាភាពតាមគោលការណ៍អ្នកចេះ បានពិន្ទុខ្ពស់ជាងគេគឺជាប់។

ថ្នាក់ដឹកនាំទាំងអស់ ក៏បានរំលឹកផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធការប្រឡងពិសេសមេប្រយោគ និងអនុរក្សត្រូវយកចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងវិន័យក្នុងពេលប្រឡង ដើម្បីអោយការប្រឡងនេះប្រព្រឹត្ត ទៅទទួលបានលទ្ធផលល្អប្រសើរ រីឯចំណែកបេក្ខជនវិញ ត្រូវតែគោរពដាច់ខាតតាមបទប្បញ្ញត្តិ នៃការប្រឡង ហើយក៏ត្រូវប្រមូលស្មារតីបញ្ចេញសមត្ថភាពដំណេះដឹងឲ្យអស់ ដែលខ្លួនមានដើម្បីទទួលបានលទ្ធផលក្លាយខ្លួន ជាមន្ត្រីបម្រើសង្គមជាតិដ៏ល្អផងដែរ។

សូមជម្រាបថា ការប្រឡងជ្រើសរើសបញ្ជូលនៅក្នុងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ឆ្នាំ២០១៩នេះ រួមមាន ក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់, មន្ដ្រីក្រមការ, និងក្របខ័ណ្ឌលេខាធិការរដ្ឋបាលផងដែរ៕

ខាងក្រោមនេះ ជារូបភាពនៃការអញ្ជើញបើកកញ្ចប់វិញ្ញាសារនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត៖