(ភ្នំពេញ)៖ គ្រឿងញៀន តែងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ក្នុងនោះយុវជនគឺជាក្រុមដែលងាយរងគ្រោះជាងគេ ។ យុវជនមួយចំនួនតូចត្រូវបានគេអូសទាញឲ្យប្រើប្រាស់វា ដោយសារតែវាធ្វើឲ្យសប្បាយនៅគ្រាដំបូងៗ ។

គ្រឿងញៀនមានផលប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់បញ្ញា ស្មារតី និងផ្លូវអារម្មណ៍របស់យុវជន ។

បច្ចុប្បន្នបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ និងកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គម មិនថាទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។ ឥទ្ធិពល នៃ​គ្រឿងញៀន​កំពុងបំ​ផ្លាញ​ធនធានមនុស្សកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់ ។

តើការប្រើប្រាស់គ្រឿងញៀនផ្តល់នូវផលប៉ះពាល់អ្វីខ្លះ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ? ព្រមទាំងត្រូវទទួលទណ្ឌកម្មដូចម្តេចខ្លះ ចំពោះការប្រើប្រាស់គ្រឿងញៀននេះ?

សម្រាប់សបា្តហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ដែលមាន​កិច្ច​សហកា​ររវាង​ក្រុមមេធាវីកម្ពុជាស​ហប្រតិបត្តិការ​អន្តរជាតិ និងអង្គភា​ព​សា​រព័ត៌មាន Fresh News សូមលើក​យកប្រ​ធានប​ទទា​ក់ទងនឹង «បទល្មើសប្រើប្រាស់គ្រឿងញៀន» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងដូចខាងក្រោម៖

យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានចែងអំពីនិយមន័យនៃពាក្យ «គ្រឿងញៀន» ដែលសំដៅដល់រុក្ខជាតិញៀន សារធាតុញៀន និងសារធាតុគីមីផ្សំទាំងឡាយដែលបានកំណត់ក្នុងតារាងដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ ។

តាមខ្លឹមសារនៃមាត្រា ៥ នៃច្បាប់ដដែល គ្រឿងញៀនត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖

* តារាងទី១៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាងវេជ្ជ សាស្ត្រ រួមមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា ។ល។

* តារាងទី២៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កូកាអ៊ីន អាភៀន ទឹកកំហាប់ដើមអាភៀន ម័រហ្វីន មេតំហ្វេតាមីន ។ល។

* តារាងទី៣៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ រួមមានដូចជា កេតាមីន ហ្វង់ទែរមីន ឡេហ្វេតាមីន ។ល។

* តារាងទី៤៖ សារធាតុគីមីទាំងឡាយដែលបានចាត់ថ្នាក់ក្នុងអនុសញ្ញារប​ស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែល​ធ្វើឲ្យប៉ះពា​ល់ដល់ប្រព័ន្ធសរសៃ​ប្រសាទ ឆ្នាំ១៩៨៨ ឬក្នុងការអនុវត្តសញ្ញានេះប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ ។ សារធាតុនេះរួមមានដូចជា៖ ប្រេងម្រះព្រៅភ្នំ អាសេតូន អាស៊ីដក្ល័ររីឌ្រីក អាស៊ីដហ្វ័រមីក អាស៊ីដស៊ុលហ្វួរិក ។ល។

ប៉ុន្តែបើយើងក្រឡេកមើលនិយមន័យទូទៅ គេបានឲ្យនិយមន័យ «គ្រឿងញៀន» គឺជាសារធាតុដែលធ្វើឲ្យអ្នកប្រើផ្លាស់ប្តូរចិត្តអារម្មណ៍ និងអាកប្បកិរិយា ព្រមទាំង​ជួបគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​រហូតដល់ជីវិ​ត​ផង​ដែរ ។

«គ្រឿងញៀន» ជារុក្ខជាតិ ឬសារធាតុ​ចម្រាញ់​ចេញពីរុក្ខជាតិ​សារធាតុគី​មី​ដែលធ្វើឲ្យមាន ការផ្លា​ស់ប្តូរនូវមុខ​ងារផ្សេ​ងៗសា​រពាង្គកាយ​មនុស្ស ឬ​សត្វ ហើយជាពិ​សេសវាធ្វើឲ្យ​មាន​ការប្រែប្រួលប្រព័ន្ធសរសៃ​ប្រសាទ និងខួរក្បា​លនៅ​ពេល​ប្រើវា ។

ការប្រើប្រាស់គ្រឿងញៀន​វាផ្តល់នូវផលប៉ះពាល់ទៅដល់អ្នកប្រើ ក្រុម​គ្រួសារ ព្រមទាំង​សង្គមជាតិ ដូចជា៖

* ផលប៉ះពាល់ចំពោះបុគ្គលអ្នកប្រើ មានដូចជា ប៉ះពាល់ចំពោះសុខភាពផ្លូវកាយ ដែលនៅពេលបុគ្គលនោះប្រើប្រាស់គ្រឿងញៀន គឺវាបានជ្រាបចូលក្នុងសរីរាង្គរបស់មនុស្សមានថ្លើម បេះដូង តម្រងនោម និងសួត ហើយបង្កឲ្យមានជម្ងឺដោយសារធាតុពុល និងជម្ងឺឆ្លងផ្សេងៗ រាងកាយស្គមស្គាំង ស្លេកស្លាំង មិនងងុយដេក មិនឃ្លានអាហារ និងកម្លាំងចុះថយ ។

សម្រាប់ស្រ្តីមានផ្ទៃពោះ ប្រសិនបើប្រើប្រាស់គ្រឿងញៀន អាចមានឥទ្ធិពលផ្ទាល់ទៅលើទារកក្នុងផ្ទៃ ទាំងរាងកាយ និងខួរក្បាល ។ សម្រាប់សុខភាពផ្លូវចិត្ត វាផ្តល់នូវផលប៉ះពាល់ដូចជា សតិស្មារតីមិនប្រក្រតី គ្មានភាពច្បាស់លាស់នូវការឃើញ ការស្តាប់ ការចងចាំថយចុះ ឬបាត់បង់តែម្តង នៅពេលដែលប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។

* ផលប៉ះពាល់ចំពោះក្រុមគ្រួសារ មានដូចជា បាត់បង់កិតិ្តយស បំផ្លាញទ្រព្យសម្បត្តិគ្រួសារ បង្កភាពភ័យខ្លាច អំពើហិង្សាក្នុងគ្រួសារ ខាតបង់ថវិកាជាដើម ។

* ផលប៉ះពាល់ចំពោះសង្គមជាតិ មានដូចជា បង្កនូវអំពើអសីលធម៌ផ្សេងៗ (អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទ) គ្រោះថ្នាក់ចរាចរណ៍ ការប្រព្រឹត្តអំពើឆក់ប្លន់ និងបទឧក្រិដ្ឋផ្សេងៗ រួមទាំងបាត់បង់ធនធានមនុស្សជាដើម ។

ចំពោះទោសទណ្ឌនៃការប្រើប្រាស់គ្រឿងញៀន យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បានបញ្ញត្តិថា ជនណា​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិ​តនៅក្នុងតារាងទី ១ និងតារាងទី ២ តាមគ្រ​ប់រូបភាព និងធ្លាប់ត្រូវបានទទួល​រងនូវវិធាន​ការព្យាបាលដោយបង្ខំ ត្រូវផ្តន្ទាទោ​សដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែនិងអាចត្រូវផ្តន្ទា​​ទោស​ពិន័យជា​ប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០(មួយលាន) រៀល ។

ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ។

ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងកថាខណ្ឌទី១ និងទី២ ខាងលើនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ ។

ប្រសិនបើបទល្មើសត្រូ​វបានប្រព្រឹត្តដោយសារធាតុញៀនដែ​លស្ថិត​នៅក្នុ​ងតារាងទី១ និងតារាងទី២ មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទា​នតាម​ទម្លាប់​ព្រះរាជអាជ្ញាអាច​ឲ្យជនប្រព្រឹត្តរួចខ្លួ​នពីបទចោទ ។

ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យ​ចារីនៃ​ហេតុការណ៍នេះ​មិនបាច់​ទទួលទោ​ស ឬគ្រាន់តែស្តីបន្ទោសជ​ន​នោះតែប៉ុ​ណ្ណោះ ។ ត្រូវចាត់ទុ​កថាជា​ការទទួលទា​នតាមទម្លាប់ ការទទួលទា​នដែលមិនប​​ណ្តាលឲ្យញៀន​ ហើយអ្នកទទួលទាន​ជាអ្នកស្រុ​កទទួលទាន​តាមដូ​ន​តាធ្លាប់ប្រព្រឹ​ត្តជាយូរម​កហើយ​ ។

បទល្មើសតាមខ្លឹមសារនៃមាត្រា ៤៥ នេះ ត្រូវមានលក្ខខណ្ឌចំនួនពីរយ៉ាងគឺ៖

* ជនល្មើសបានប្រើប្រាស់ដោយផ្ទាល់ខ្លួននូវគ្រឿងញៀន ដែលស្ថិតក្នុងតារាងទី ១ និងតារាងទី ២ ដូចជា ជក់ ហិត លេប ឬ ចាក់បញ្ចូលជាដើម ។
* ជនល្មើសធ្លាប់បានទទួលរងនូវវិធានការព្យាបាលដោយបង្ខំ រួចម្តងមកហើយ ។

យោងតាមមាត្រា ១០៧ នៃច្បាប់ដដែល ចំពោះការព្យាបាល និងការស្តារនីតិសម្បទាដោយបង្ខំ អាចធ្វើបានក្នុងករណីដែលបុគ្គលនោះស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនធ្ងន់ធ្ងរ និងមានការគំរាម​កំហែ​ង​យ៉ាងជាក់​ស្តែងថា​នឹង​មានគ្រោះថ្នាក់ធ្ងន់ធ្ងរភ្លាមៗ ចំពោះអ្នកញៀនគ្រឿងញៀនខ្លួនឯង និងអ្នកដទៃ ឬក៏ក្នុងករណីដែលអ្នកញៀនគ្រឿ​ងញៀនខ្វះសមត្ថភាព ក្នុងការសម្តែងឆន្ទៈ​ទទួលយក​ការព្យាបាល និងការស្តារនីតិសម្បទាដោយស្ម័គ្រចិត្ត ។ វិធានការនេះអាចត្រូវបង្ខំដោយព្រះរាជអាជ្ញា ឬ ចៅក្រមស៊ើបសួរ ឬ ចៅក្រមជំនុំជម្រះ ។

ឧទាហរណ៍៖ លោក «ក» បានញៀនគ្រឿងញៀនធ្ងន់ធ្ងរ ហើយត្រូវបានឪពុកម្តាយប្តឹងទៅតុលាការ ដើម្បីចាត់វិធានការព្យាបាល និងស្តារនីតិសម្បទា ។

ក្រោយពីគ្រូពេទ្យបានពិនិត្យរួច គ្រូពេទ្យយល់ឃើញថាលោក «ក» ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហេតុដូច្នេះទើបតុលាការបានសម្រេចចេញជាដីកាសម្រេចបង្ខំឲ្យមានការព្យាបាល និងការស្តារនីតិសម្បទា ទោះបីជាលោក «ក» មិនបានយល់ព្រមទទួលការព្យាបាលបែបនេះក៏ដោយ ។

ក្រោយពីបានទទួលការព្យាបាលចប់សព្វគ្រប់ហើយ លោក «ក» នៅតែលួចទៅជក់គ្រឿងញៀនជាមួយនឹងមិត្តភក្តិរបស់ខ្លួនទៀត ហើយបន្ទាប់មកក៏ត្រូវបានឃាត់ខ្លួន ។ ក្នុងករណីនេះ លោក «ក» ស្ថិតក្នុងស្ថានភាពដែលត្រូវផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

សរុបជារួម ការប្រើប្រាស់គ្រឿងញៀន មិនមែនជាវិធីសាស្ត្រមួយល្អក្នុងការដោះស្រាយនូវបញ្ហានោះទេ ព្រោះថាការប្រើប្រាស់គ្រឿងញៀនវាអាចបណ្តាលឲ្យមានផលប៉ះពាល់មិនថាទាំងខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ ។

មិនតែប៉ុណ្ណោះបុគ្គលដែលប្រើប្រាស់គ្រឿងញៀននោះអាចនឹងឈានដល់ការទទួលនូវទោសពិន័យ ក៏ដូចជាទោសពន្ធនាគារផងដែរ ប្រសិនបើការប្រើប្រាស់គ្រឿងញៀននោះលើសចំណុះ ដូចមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា សាំង សុភាព ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖president@ciclg.com គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕

Advertising