(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់១៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូ១៨គ្រឿង, រថយន្តតូច២គ្រឿង, រយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង , មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២០៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០៩នាក់ របួសធ្ងន់១៧៩នាក់ និងរបួសស្រាល៨៨នាក់៕