(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីអំពាវនាវ ស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីចុះជួយយុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខ ដែលការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រាសាទព្រះវិហារ និងនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា នៅថ្ងៃទី២៥-២៦-២៧ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ និងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិស ប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ដើម្បីឱ្យការចុះសួរសុខទុក្ខនេះ ទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងស្មារតីចែករំលែក និងចូលរួមលើកទឹកចិត្តដល់យុទ្ធជន តាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ អ្នកឧកញ៉ា លោកឧកញ៉ា ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពទាំងអស់មេត្តាចូលរួម ជួយផ្តល់អំណោយជាថវិកាស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដី នៅតាមបន្ទាត់ព្រំដែនជូរមុខ៕