(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយសាលារាជធានីភ្នំពេញ និងអង្គការ Let’s do it! World នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការ «កម្ពុជាស្អាត» (Cambodia Cleanup) និងបញ្ជ្រាបការយល់ដឹងអំពីអនាម័យ និងបរិស្ថានស្អាត ក្នុងឱកាសអបអរ «ទិវាពិភពលោកស្អាត» (World Cleanup Day)។

យុទ្ធនាការនេះដោយមានអ្នកចូលរួមពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ អង្គការ ក្រុមហ៊ុន Chip Mong Group ធនាគារឯកទេសអ៉ីអនភីអិលស៊ី (AEON Specialized Bank Cambodia) ក្រុមហ៊ុនស៊ីនទ្រី ក្រុមហ៊ុន GGear group សហព័ន្ធទេសចរណ៍កម្ពុជា CTF ក្រុមយុវជន សិស្ស-និស្សិត និងសាធារណជន សរុបប្រមាណ ៨០០នាក់។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១៖ បណ្តុះ និងលើកទឹកចិត្តសាធារណជន ក្នុងការថែរក្សាអនាម័យ និងបរិស្ថានស្អាត ព្រមទាំងចូលរួម និងជំរុញការអនុវត្តការគ្រប់គ្រងសំណល់រឹងឲ្យបានត្រឹមត្រូវនៅក្នុងទីក្រុង
២៖ ជំរុញការអភិវឌ្ឍទីក្រុងឲ្យក្លាយជាទីក្រុងទេសចរណ៍ស្អាត ស្របទៅតាមយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»៕