(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលត្រូវនឹងវេនកាន់បិណ្ឌទី៨ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកស្រី ម៉ក់ ស៊ីថា ព្រមទាំងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាល លោកទីប្រឹក្សាក្រសួង លោក លោកស្រី មន្ត្រីរាជការ បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំចង្ហាន់បាយសម្ល ម្ហូបអាហារ យកមកប្រគេនព្រះសង្ឃចំនួន៩០អង្គ ដែលគង់ចាំព្រះវស្សា នៅវត្តភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកប្រធានក្រុមការងារ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង៧សន្តាន ឧបុព្វការីជន ដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។

នាឱកាសនេះ បន្ទាប់ពីពិធីរាប់បាត្រ វេរប្រគេន បច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន រួចមក លោកប្រធានក្រុមការងារ បានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីចូលមាន ដល់ជូនបងប្អូនពុទ្ធបរិស័ទ ចំណុះជើងវត្តភ្នំហាន់ជ័យ បងប្អូនទូទាំងស្រុកកំពង់សៀម និងជនរួមជាតិ ទាំងនៅទីជិតទីឆ្ងាយគ្រប់ៗគ្នា។

លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ ជូនចំពោះសមាជិក សមាជិការក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន បងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលបានសហការរៀបចំ ពិធីកាន់បិណ្ឌនាថ្ងៃនេះ បានយ៉ាងល្អប្រសើរ បរិបូណ៌ រៀបរយសណ្តាប់ធ្នាប់ ស្លៀកពាក់សមសួនតាមបែបប្រពៃណី និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង។

ទិដ្ឋភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សពីភាពសុខសាន្ត ជីវភាពសម្បូរណ៌សប្បាយ មានសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសុខដុមរមនាក្នុងសង្គមជាតិខ្មែរទាំងមូល ទាំងអស់នេះគឺដោយ សារម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ហេតុនេះ លោកស្នើសុំឲ្យបងប្អូនពុទ្ធបរិស័ទគ្រប់រូប ជួយថែរក្សាឲ្យបានគង់វង្សមាំមួនល្អ នូវសមិទ្ធផលទាំងអាណាចក្រ និងពុទ្ធចក្រ។

ចេញពីពិធីកាន់បិណ្ឌ នៅវត្តភ្នំហាន់ជ័យ លោក វេង សាខុន និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាព ជួសជុលផ្លូវលំ១ខ្សែប្រវែង ៤,០០០ម៉ែត្រ ដែលឆ្លងកាត់៤ភូមិ គឺភូមិរមាសអំពិលលើត្យា និងភូមិបន្ទាយថ្ម ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលការចំណាយលើការជួសជុលនេះ គឺជាបន្ទុករបស់លោកប្រធានក្រុមការងារ និងសហការី ចុះជួយឃុំអំពិល។

ឆ្លៀតឱកាសនេះ លោកប្រធានក្រុមការងារ បានឈៀងចូលវត្តរតនបទមប្រជុំធ្លា (ហៅវត្តធ្លា) ដើម្បីចូលរួមកាន់បិណ្ឌ និងជួបសំណេះសំណាសជាមួយពុទ្ធបរិស័ទដែលជាម្ចាស់សំណើជួសជុលផ្លូវនេះ និងសាកសួរសុខទុក្ខបងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកកាន់បិណ្ឌ។

លោកប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ដែលសម្តេចទាំង២ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ ពេលវេលា និងសូមថ្លែងអំណរគុណ ជូនចំពោះបងប្អូនទាំងអស់ ដែលបានរួមគ្នាថែរក្សា ការពារបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយស្នើសុំបន្តរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្សសម្រាប់ជាមរតក ទុកជូនកូនចៅជំនាន់ក្រោយតរៀងទៅ។

លោកបានផ្តាំផ្ញើ ដល់សមាជិកក្រុម ការងារថ្នាក់ជាតិ ចុះជួយឃុំ ថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួនទូលំទូលាយ និងមានប្រសិទ្ធភាពល្អប្រសើរជាបន្តបន្ទាប់ ដើម្បីរក្សាឲ្យបាននូវវប្បធម៌ចែករំលែក សាមគ្គីភាព មិត្តភាព និងភាតរភាពក្នុងសង្គមគ្រួសារខ្មែរ។

លោកបន្ដថា ម៉្យាងទៀតប្រធាន អនុប្រធាន និងសមាជិកការងារថ្នាក់ជាតិ ចុះជួយឃុំត្រូវតែបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។ ដើម្បីភ្ជាប់និស្ស័យ ចាប់មគ្គផល លោកប្រធានបានជូនបច្ច័យចំនួន ២លានរៀល ហើយពុទ្ធបរិស័ទម្នាក់១ម៉ឺនរៀលផងដែរ៕